(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល និងអង្គការពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបពិភាក្សាគ្នា អំពីអភិបាលកិច្ចវិស័យឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា ដែលជាវិស័យមួយ ប្រើប្រាស់នូវគ្រឿងយន្ត និងឧបករណ៍បច្ចេសទេសផ្សេងៗ ដើម្បីទាញយករ៉ែ ឧស្ម័ន និងប្រេងកាតជាដើម ដើម្បីជំរុញឲ្យការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានរ៉ែ ឲ្យមានតម្លាភាព។
ថ្លែងក្នុងវេទិកាស្ដីពី អភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្ម លើកទី៩ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា វេទិកានេះ គឺជាយន្តការ ក្នុងការពិភាក្សាការងារ រវាងតួអង្គពាក់ព័ន្ធចំនួន៣សំខាន់គឺ (១)៖ រដ្ឋាភិបាល, (២)៖ ក្រុមហ៊ុន, (៣)៖ អង្គការសហគមន៍ប្រជាពលរដ្ឋមូលដ្ឋាន។
លោក ម៉េង សក្ដិធារ៉ា បានបន្ថែមទៀតថា តួអង្គពាក់ព័ន្ធសំខាន់ៗទាំង៣នេះ គឺធ្វើការពិភាក្សា អំពីការអភិបាលកិច្ចវិស័យឧស្សាហកម្មនិស្សារណកម្ម ក្នុងគោលដៅសម្រេចការងាររួមចំនួន៣៖ (ទី១), ធនធានរ៉ែសម្រាប់ទាំងអស់គ្នា, (ទី២), ជំរុញឲ្យការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានរ៉ែ ឲ្យមានតម្លាភាព និង (ទី៣), ទទួលខុសត្រូវផ្នែកបរិស្ថានសង្គម និងវប្បធម៌។
ទន្ទឹមគ្នានេះ លោក ម៉េង សក្ដិធារ៉ា បានគូសបញ្ជាក់ថា វេទិកាស្ដីពី អភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្ម លើកទី៩នេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីការងារ និងចែករំលែកដល់អង្គការសមាគមន៍ និងអាជ្ញាធរមូលដ្ឋាន ឲ្យបានដឹងអំពីការងារដូចខាងក្រោម៖
១៖ វឌ្ឍនភាព នៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែ
២៖ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដោយប្រើប្រាស់មូលនិធិរ៉ែ
៣៖ ការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងអភិបាលកិច្ចល្អ ក្នុងវិស័យរ៉ែរបស់ក្រុមហ៊ុនរ៉ែ
៤៖ វឌ្ឍនភាព នៃប្រតិបត្តិការ និងដំណើរការអាជីវកម្មរ៉ែមាសនៅអូខ្វាវ ខេត្តមណ្ឌលគិរី។
ក្នុងវេទិកាស្ដីពី អភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្ម លើកទី៩ នេះ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ក៏បានបង្ហាញអំពីបច្ចុប្បន្នភាព នៃការគ្រប់គ្រងអភិវឌ្ឍន៍វិស័យរ៉ែ និងការបង្កើតមូលនិធិរ៉ែ ជូនដល់អ្នកចូលរួមក្នុងវេទិកានេះផងដែរ។
បើតាមតំណាងអង្គការអុកស្វាម (OXFAM) បានឲ្យដឹងថា វេទិកានេះ បានបង្ហាញពីគំរូល្អ នៃកិច្ចសន្ទនាពហុភាគីជាមួយអ្នកពាក់ព័ន្ធ និងបង្ហាញអំពីការអនុវត្តន៍ល្អរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ការចូលរួម ការប្រាស្រ័យទាក់ទងជាមួយសហគមន៍ និងភាពជាដៃគូ ក្នុងការលើកកម្ពស់អភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា។
វេទិកាអភិបាលកិច្ច វិស័យឧស្សាហកម្មនិស្សារណកម្ម ជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់ការចែករំលែកព័ត៌មាន ចំណេះដឹង និងការពិភាក្សាផ្តោតលើដំណោះស្រាយ ក្នុងចំណោមតួអង្គពាក់ព័ន្ធ ជាពិសេសជួយបង្កើនការយោគយល់គ្នា និងទំនុកចិត្តគ្នាទៅវិញទៅមក រវាងក្រុមហ៊ុនរ៉ែ និងសហគមន៍ ដែលរងផលប៉ះពាល់។
វេទិកានេះ នឹងផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធបានឮ អំពីបច្ចុប្បន្នភាពនៃគោលនយោបាយវិស័យឧស្សាហកម្មនិស្សារណកម្ម បច្ចុប្បន្នភាពអំពីក្រុមហ៊ុនរុករក និងធ្វើអាជីវកម្មរ៉ែមូលនិធិរ៉ែ សម្រាប់ការអភិវឌ្ឍន៍ សហគមន៍ព័ត៌មាន និងក្តីកង្វល់ពីសហគមន៍ទាក់ទងនឹងផលប៉ះពាល់លើសង្គម វប្បធម៌ និងបរិស្ថាន ជាពិសេសជនជាតិដើមភាគតិច៕