និយ័តករបរធនបាលកិច្ច ផ្សព្វផ្សាយពីផែនការសកម្មភាពនិងថវិកាឆ្នាំ២០២២-២០២៣ សម្រាប់គម្រោងមួយពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពកសិកម្ម
14-09-2022 14:02
(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ចបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការសកម្មភាពនិងថវិកាឆ្នាំ២០២២-២០២៣ សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1)។
សិក្ខាសាលានេះធ្វើឡើងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង និងលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង។
សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងទទួលបាននូវធាតុចូលបន្ថែម ក៏ដូចជាផ្សព្វផ្សាយផែនការសកម្មភាព និងថវិកាសម្រាប់ការអនុវត្តឆ្នាំ២០២២ និងការត្រៀមបម្រុងឆ្នាំ២០២៣។
សិក្ខាសាលានេះ មានការចូលរួមពីសមាជិក និងទីប្រឹក្សាជាតិនិងអន្តរជាតិរបស់ PIU1, តំណាងមកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, តំណាងមកពីធនាគារអភិវឌ្ឍន៍ងអាស៊ី, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងតំណាងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូ៕