(ឥណ្ឌូណេស៊ី)៖ កិច្ចប្រជុំរដ្ឋមន្ត្រីការងារ និងមុខរបរនៃប្រទេស G20 លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកយោបល់ និងស្នើទៅកាន់ប្រទេសសមាជិកដទៃរបស់អាស៊ាន ក៏ដូចជាក្រុមប្រទេសឧស្សាហកម្មជឿនលឿន G20 សាមគ្គីរួមគ្នាស្ដារ និងធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារសកល។

កិច្ចប្រជុំរដ្រីការងារ និងមុខរបរនៃប្រទេស G20 នេះ ធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ» រៀបចំធ្វើឡើងនៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។

នាឱកាសនោះ លោក អ៉ិត សំហេង បានការកោតសរសើរ និងអបអរសាទរដល់សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការងារ និងមុខរបរប្រទេស G20 ដែលបានកំណត់យក «ការធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ» មកធ្វើជាមូលបទរួម និងជ្រើសរើសបញ្ហាអាទិភាពចំនួន៤ ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការងារ សមរម្យសម្រាប់ជនពិការ, ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស, ការបង្កើតការងារប្រកបដោយចីរភាព និងការកែសម្រួលគោលនយោបាយការពារការងារ សម្រាប់ការការពារអ្នកធ្វើការទាំងអស់ ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពធន់ មកធ្វើជារបៀបវារៈសម្រាប់កិច្ចពិភាក្សានេះ។ នេះពិតជាការឆ្លើយតបយ៉ាងត្រឹមត្រូវ និងចំពេលបំផុត ចំពោះបញ្ហាដែលពិភពលោកបាន និងកំពុងប្រឈមក្នុងកំឡុងពេលវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធំធេង ជាសកលលើគ្រប់វិស័យ រួមទាំងវិស័យការងារផងដែរ។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ការស្តារនិងងើបឡើងវិញ ចេញពីវិបត្តិដែលមានលក្ខណៈពហុទិដ្ឋភាពនេះ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមរួមគ្នា ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ មិនខុសពីប្រទេស G20 ទេ អាស៊ានក៏បានសាមគ្គី និងធ្វើការរួមគ្នាយ៉ាងសកម្ម ក្នុងគោលដៅរួមតែមួយ គឺការរៀបចំទុកជាមុនឱ្យបានកាន់តែប្រសើរឡើង នូវគោលនយោបាយស្តីពីមុខរបរ និងការងារ ក៏ដូចជាកម្លាំងពលកម្មអាស៊ាន ដែលមានភាពធន់ និងបត់បែនបានរហ័ស សម្រាប់ការឆ្លើយតបនឹងការផ្ទុះឡើង ឬការកើតឡើងសារជាថ្មីនៃជំងឺរាតត្បាត វិបត្តិសេដ្ឋកិច្ច ឬគ្រោះធម្មជាតិនាពេលអនាគត។

លោកបានបន្តថា កម្ពុជាបានជ្រើសរើសប្រធានបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» មកធ្វើជាមូលបទសម្រាប់អាណត្តិ ជាប្រធានអាស៊ានឆ្នាំ២០២២របស់ខ្លួនផងដែរ ដោយកំណត់យកការចេញ «សេចក្តីថ្លៃងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន» ជាគោលបំណងអាទិភាពមួយ ក្នុងចំណោមគោលបំណងអាទិភាពនានា៕