(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគម បានណែនាំដល់សមាជិកទាំងអស់ឱ្យរក្សាសុខសន្តិភាព ដែលធ្វើឱ្យមានអ្វីៗគ្រប់យ៉ាង រួមទាំងសមភាពយេនឌ័រផងដែរ។
លោកស្រី ញូង ចរិយា បានបន្តថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់រាជរដ្ឋាភិបាល ប្រទេសមួយមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងសុខមាលភាពរបស់ប្រជាជន។ បើបាត់បង់សន្តិភាពនោះអ្វីៗគ្រប់យ៉ាងរួមទាំងសមភាពយេនឌ័រ នឹងត្រូវបាត់បង់។ ដូច្នេះ សន្តិភាព គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍។
លោកស្រីបានថ្លែងថា ជាក់ស្តែងបន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យដោយនយោបាយឈ្នះ ឈ្នះ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានការប្រែប្រួល និងរីកចម្រើនជាលំដាប់ដោយបោះជំហានយ៉ាងជឿជាក់លើមាគ៌ានៃការអភិវឌ្ឍលើគ្រប់វិស័យ ឆ្ពោះទៅរកអនាគតមួយដ៏ភ្លឺស្វាង។
លោកស្រី ញូង ចរិយា បានយកឱកាសនោះ សំណូមពរដល់ថ្នាក់ដឹកនាំ សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម សូមយកចិត្តទុកដាក់ផ្តោតលើការងារសំខាន់ មួយចំនួនដូចខាងក្រោម៖
*បង្កើនការថែទាំសុខភាព ដោយគោរពតាមគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាលជាប្រចាំ។ ព្រោះថាការវិវត្តន៍នៃជំងឺ និងរោគាទាំងឡាយនៅតែមានការប្រែប្រួលឥតឈប់ឈរ។
*បន្តអនុវត្តឱ្យបានជោគជ័យនូវទិសដៅការងារឆ្នាំ២០២២ របស់សាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម។
*ពង្រឹងរចនាសម្ព័ន្ធរក្សាស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។ ជាមួយនេះ ត្រូវបន្តឱ្យមានការបណ្តុះបណ្តាលបំប៉នសមត្ថភាពដល់សមាជិកាសមាគមននារី និងអនុសាខាក្រុង ស្រុកដើម្បីលើកកម្ពស់សមត្ថភាពការយល់ដឹងដើម្បីដឹកនាំអនុវត្តឱ្យបានចំទិសដៅ។
*ចូលរួមបង់វិភាគទានឱ្យបានទៀងទាត់ និងធ្វើបច្ចុប្បន្នភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត។
*ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ទាំងផ្នែកជំនាញនិងបច្ចេកទេស (ប្រព័ន្ធតេឡេក្រាម និងបណ្តាញសង្គម) ដើម្បីជាផលប្រយោជន៍ និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេសស្ត្រី និងកុមារី។
(រក្សាទំនាក់ទំនង និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ពង្រីកទំនាក់ទំនងល្អជាមួយបងប្អូននារី ដើម្បីពង្រឹងសតិអារម្មណ៍ ពិសេសបង្កើនគុណភាពប្រសិទ្ធិភាពអប់រំដល់សិស្សានុសិស្សនិស្សិតនៅគ្រប់គ្រឹះស្ថានសិក្សា ដើម្បីប្រែក្លាយធនធានមនុស្សកម្ពុជា ក្លាយជាមនុស្សពេញលេញ ដែលជួយដល់ការអភិវឌ្ឍសង្គម ពិសេសផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០-២០៥០៕