(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ និងវិទ្យាស្ថានវ៉ាន់ដា បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការសិក្សាតាមប្រព័ន្ធក្រេឌីត របស់សាលាជាតិពន្ធដារ វិធានវិក្កយបត្រ និងកម្មវិធី GDT Lucky Draw» ក្រោមអធិបតីភាពរបស់លោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ និងឧកញ៉ា បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវ៉ាន់ដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ថ្នាក់ដឹកនាំនៃវិទ្យាស្ថានវ៉ាន់ដា មន្ត្រីរាជការពន្ធដារ និងនិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា សរុបប្រមាណ ១៥០នាក់។
បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវ៉ាន់ដា បានផ្តល់នូវមតិស្វាគមន៍ចំពោះអង្គសិក្ខាសាលា និងគោរពថ្លែងអំណរគុណចំពោះលោក គង់ វិបុល និងអរគុណចំពោះ លោក លីម ដឺលុច អគ្គនាយករងពន្ធដារ ដែលបានផ្តល់កិច្ចសហការក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការសិក្សាតាមប្រព័ន្ធក្រេឌីតរបស់សាលាជាតិពន្ធដារ វិធានវិក្កយបត្រ និងកម្មវិធីវិក្កយបត្រនាំសំណាង GDT Lucky Draw» ជូនដល់សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា។
លោក លីម ដឺលុច បានលើកឡើងអំពីសារសំខាន់ នៃការពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងវិស័យពន្ធដារ។ ជាពិសេសក្នុងពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំកែទម្រង់ប្រព័ន្ធសិក្សានៅសាលាជាតិពន្ធដារ ទៅជាប្រព័ន្ធសិក្សាតាមក្រេឌីត ហើយការអនុវត្តគឺធ្វើឡើងនៅក្នុងប្រព័ន្ធទាំងស្រុងរាប់ទាំងការចុះឈ្មោះចូលរៀន ការពិនិត្យកាលវិភាគសិក្សា ការទាញយកឯកសារសិក្សា ការពិនិត្យព្រឹត្តបត្រពិន្ទុ ថែមទាំងការចុះវត្តមានរបស់សិស្ស និងគ្រូ។
បន្ថែមពីនេះ លោកអគ្គនាយករងក៏បានលើកឡើងពីការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) លើទូរស័ព្ទដៃ និងការពង្រឹងការអនុវត្តវិធានវិក្កយបត្រ ដែលអគ្គនាយកដ្ឋានពន្ធដារបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ។ កម្មវិធីវិក្កយបត្រនាំសំណាងនេះ នឹងក្លាយជាយន្តការមួយ ដែលជំរុញនិងធានាបាននូវភាពត្រឹមត្រូវ នៃការបំពេញកាតព្វកិច្ចសារពើពន្ធ បរិយាកាសអាជីវកម្មល្អប្រសើរ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព។
លោក លីម ដឺលុច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថានវ៉ាន់ដា ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំសិក្ខាសាលា និងជាពិសេសមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការពន្ធដារ សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានវ៉ាន់ដាយ៉ាងផុសផុល ក្នុងការចូលរួមសិក្ខាសាលាដ៏មានអត្ថន័យនេះ៕