(បាត់ដំបង)៖ តំណាងសមាគមមនុស្សចាស់ចំនួន២០០នាក់ មកពី២៥ រាជធានី-ខេត្ត និងជាតំណាងឲ្យមនុស្សចាស់ជាង៣ម៉ឺននាក់បានមកជួបជុំគ្នា រយៈពេល២ថ្ងៃ ចាប់ពីរសៀលថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ក្នុងវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី២ ក្រោមប្រធានបទ «សោធនសង្គមសម្រាប់មនុស្សវ័យចាស់នៅកម្ពុជា» នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។
វេទិការនេះធ្វើឡើងក្រោមអធិបតីភាពលោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម, លោក ថេង បញ្ញាធនប្រតិភូរាជរាដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកផែនការ, លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង, អង្គការមនុស្សចាស់កម្ពុជា, អង្គការអុកហ្វាមកម្ពុជា, អង្គការ UNDP, បណ្តាញមនុស្សវ័យចាស់កម្ពុជា, តំណាងមន្ទីរពាក់ព័ន្ធ, អភិបាលរងក្រុងបាត់ដំបង, តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមមនុស្សចាស់។
អង្គការមនុស្សចាស់កម្ពុជា បានរួមជាមួយអង្គការអុកហ្វាម និងអង្គការយូអិនឌីភី បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុ ទ្ធជន និងយុវនីតិសម្បទា រៀបចំនូវវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិនេះ ឡើងក្នុងគោលបំណង ស្វែងយល់អំពីបញ្ហា ប្រឈម និងតម្រូវការអាទិភាព របស់មនុស្សវ័យចាស់នៅក្នុងអំឡុងពេល និងក្រោយពេល នៃការរីករាលដាលជំងឺកូវីដ ១៩ ព្រមទាំងបង្កើនការយល់ដឹងរបស់ពួកគាត់ទៅលើក្របខ័ណ្ឌគោលនយោបាយ ឬកម្មវិធីជាតិនានា ដែលជួយគាំទ្រទៅដល់មនុស្សវ័យចាស់ និងកំណត់បាននូវធាតុចូលសម្រាប់កិច្ចសន្ទនាគោលនយោបាយស្តីពីសោធនសង្គមនិងគាំពារសង្គមសម្រាប់មនុស្សវ័យចាស់នៅកម្ពុជា។
លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានគូសបញ្ជាក់ថា ខណៈដែលរាជរដ្ឋាភិបាលបានខិតខំយ៉ាងយក ចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រជាជនងាយរងគ្រោះរួមទាំងមនុស្សចាស់ ដូចបានធ្វើឡើងតាមរយៈ លិខិតបទដ្ឋាន និងកម្មវិធីជំនួយសង្គមនានានោះ យើងសង្កេតឃើញថា មនុស្សចាស់នៅតែប្រឈមនឹងបញ្ហា និងមានតម្រូវការជាច្រើនដែលពុំទាន់ទទួលបានការដោះស្រាយ។
លោកបានបញ្ជាក់ថា ក្នុងលទ្ធផលនៃវេទិការមនុស្សចាស់ថ្នាក់ជាតិលើកទីមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ មនុស្សចាស់បានលើកពីបញ្ហាប្រឈម និងតម្រូវការដែលបានស្នើរទៅរាជរដ្ឋាភិបាល ក្នុងនោះ «ការផ្តល់ប្រាក់ឧបត្ថមដល់មនុស្សវ័យចាស់គ្រប់ៗគ្នា ទោះជាប្រាក់មានចំនួនតិចឬច្រើននិងក្នុងអាយុណាមួយ» គឺជាអាទិភាពទីមួយ។ លោកបន្តថា ក្នុងចំណុចនេះ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមទាំងប្រទេសទីម័រ ដែរនោះ គឺមានតែ ប្រទេសកម្ពុជា និងប្រទេសឡាវ តែប៉ុណ្ណោះដែលពុំទាន់មានកម្មវិធីសោធនសង្គម ឬកម្មវិធីឧបត្ថម សាច់ប្រាក់សម្រាប់មនុស្សចាស់ទូទៅ។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយស្តីពី «ប្រាក់ចំណូលរបស់មនុស្សវ័យចាស់ និងកិច្ចគាំពារសង្គមនៅកម្ពុជា ក្នុងកំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងឺកូវីដ-១៩» ដែលបានធ្វើឡើងដោយវិទ្យាស្ថានជាតិ សង្គមកិច្ច នៅដើមឆ្នាំ២០២១ថ្មីៗនេះ បានឲ្យដឹងថា មានមនុស្សចាស់ប្រមាណ ៥៥ភាគរយ ដែលត្រូវបានជ្រើសរើសក្នុងការសិក្សា បាន គឺរងផលប៉ះពាល់ផ្នែកប្រាក់ចំណូល និងពុំទាន់បំពេញទៅនឹងតម្រូវការមូលដ្ឋាន ក្នុងរស់នៅរបស់ពួកគាត់នៅឡើយ។ បើទោះបីជា ៤៥ភាគរយ ក្នុងចំណោមពួកគាត់កំពុងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ក្នុងអំឡុងការរីករាលដាល នៃជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាលក៏ដោយ។
របាយការណ៍ដដែលបានបញ្ជាក់ថា មនុស្សចាស់ភាគច្រើនត្រូវការប្រាក់ឧបត្ថមវ័យចាស់ជាចាំបាច់ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ ជាពិសេសក្នុងអំឡុងពេល និងក្រោយពេលនៃផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ១៩នេះ៕