(កំពង់ធំ)៖ អាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសតែងតាំងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថថ្មីស្រុកប្រាសាទបល្ល័ង្ក ដោយលោកអនុសេនីយ៍ឯក អ៊ុន គឹមហូរ ជំនួសលោក ជា ធឿន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការចូលរួមពីលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក, លោក វណ្ណៈ សោភានិត អភិបាលស្រុក និងអធិការនគរបាលស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងឱកាសនោះ លោកមេបញ្ជាការ បានណែនាំឲ្យមេបញ្ជាការស្រុកថ្មី ត្រូវពង្រឹងការងារការពារសន្តិសុខនៅតាមមូលដ្ឋានដែលខ្លួនឈរជើងឱ្យមានប្រសិទ្ធភាពដើម្បីសន្តិសុខសហគមន៍ និងការអភិវឌ្ឍខេត្ត។

លោកថា «ក្នុងនាមជាសមត្ថកិច្ចគប្បីមានឆន្ទ:សំដៅជម្នះរាល់ឥទ្ធិពល និងបង្កើនការសាមគ្គីភាពគ្នា ជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន អនុវត្តការងារឱ្យដើរទន្ទឹមគ្នា និងការអភិវឌ្ឍអង្គភាព ដោយគិតពីផល ប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់បទបញ្ជា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប និងពាក្យមួយឃ្លាទៀត គឺជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ ព្រមទាំងជំរុញការបង្កបង្កើនផលដាំដុះ អាវុធហត្ថម្នាក់ត្រូវតែបង្កបង្កើនផល ចិញ្ចឹមដាំដុះឱ្យបានច្រើន ដើម្បីជួយដល់កម្លាំងយើងផង បើនៅខ្វះចន្លោះកន្លែងណា គឺរកដីដើម្បីបង្កបង្កើនផល»

លោកអនុសេនីយ៍ឯក អ៊ុន គឹមហូរ មេបញ្ជាការមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ទើបចូលកាន់តំណែងថ្មី បានប្តេជ្ញាចិត្ត និងខិតខំដឹកនាំបញ្ជាឱ្យមានប្រសិទ្ធភាព គោរពតាមបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពស្រុក និងប្រឹងប្រែងអនុវត្តឱ្យបានកាន់តែប្រសើរឡើងនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល អ្វីៗគឺដើម្បីជាតិ និងបម្រើប្រជាជន។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រសាទបល្ល័ង្ក បានសាទរចំពោះការប្តេជ្ញាចិត្តនេះ ព្រោះកងរាជអាវុធហត្ថក៏ជាកម្លាំងស្នូលមួយ មានភាពទំនាក់ទំនងល្អ ក្នុងការជួយបំពេញភារកិច្ចបានលឿនរហ័ស និងធ្វើឱ្យប្រជាពលរដ្ឋយើងមានជំនឿជឿជាក់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រកបដោយតម្លាភាពនិងមានប្រសិទ្ធភាព៕