(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដំណើរការដាក់លូ និងស្ថាបនាផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោ ដែលមានប្រវែងជាង១គីឡូម៉ែត្រ។ គិតមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានជាង៥០ភាគរយហើយ ដោយគ្រោងបញ្ចប់រួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។
លោក សាំ ពិសិដ្ឋ បានថ្លែងថា អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាផ្លូវចាក់បេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោ មានទទឹង៨ម៉ែត្រ កម្រាស់២តឹក និងមានប្រវែងជាង ១គីឡូម៉ែត្រ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា «កំណាត់ផ្លូវបេតុងបឹងតាម៉ាតនេះ ជាផ្លូវមានសារៈសំខាន់មួយក្នុងការដោះចរាចរណ៍ចេញពីផ្លូវ៣៧១ និងផ្លូវ២១៧។ គិតត្រឹមថ្ងៃ១៤ ខែកញ្ញានេះ ការដ្ឋានទាំងមូលសម្រេចបានជាច្រើន ភាគរយហើយ ក្នុងនោះសម្រាប់ការងារដាក់លូ ទំហំ១ ម៉ែត្រកន្លះ គុណ២ម៉ែត្រ និងការដាក់លូ ទំហំ១ម៉ែត្រ នៅផ្លូវបេតុងនេះ ក្រមការងារដាក់លូ សម្រេចការងាររបស់ខ្លួន១០០ភាគរយហើយ។ ចំណែកការងារស្ថាបនាផ្លូវបេតុងវិញ ការដ្ឋានទាំងមូលសម្រេចបាន៥០ភាគរយហើយដែរ ដោយគ្រោងស្ថាបនាឱ្យបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួល»។
ជាមួយគ្នានេះលោក សាំ ពិសិដ្ឋ បានបន្ថែមថា ការដាក់លូ និងស្ថាបនាផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោនេះនឹងធ្វើឱ្យតំបន់នេះលែងទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ដូចពេលមុនទៀតហើយ ហើយការរំដោះចរាចរណ៍វិញក៏កាន់តែប្រសើរជាងមុនផងដែរ។
គួររំលឹកផងដែរ ដោយការគិតគូរ និងការយកចិត្តទុកដាក់ពីកង្វល់របស់ប្រជាពលរដ្ឋ ពីសំណាក់អភិបាលរាជធានី កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១កន្លងមក លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពការដាក់លូនៅផ្លូវបេតុងបឹងតាម៉ាតនេះជាក់ស្តែង ហើយខណៈចុះពិនិត្យទីតាំងនេះកាលណោះ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថាបនាប្រព័ន្ធលូជាមុនសិន ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ បន្ទាប់មកត្រូវស្ថាបនាផ្លូវបេតុងតែម្តង។ តែអ្វីដែលជាការកត់សំគាល់ គឺការងារដាក់លូ គិតមកដល់ពេលនេះសម្រេចបាន១០០%ហើយ។
ចំណែកការងារស្ថាបនាផ្លូវបេតុងសម្រេចបាន ៥០ភាគរយហើយដែរ ដោយគ្រោងស្ថាបនាឲ្យបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ៕