(ភ្នំពេញ)៖ ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍អំលុងវិបត្តិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូ បានជំរុញឱ្យមានការប្រើប្រាស់ឱ្យបានច្រើនបំផុតនូវថាមពលដែលកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ដូចជាថាមពលពន្លឺព្រះអាទិត្យ (សូឡា) ជាដើម។

ក្រសួងទេសចរណ៍ អង្គការ WWF សហព័ន្ធទេសចរណ៍កម្ពុជា និងអង្គការដៃគូសុទ្ធតែបានលើកឡើងអំពីផលប៉ះពាល់ចំពោះបរិស្ថាន ដែលកើតចេញពីការប្រើប្រាស់ថាមពលឥន្ធនៈ ហើយគាំទ្រចំពោះការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដែលកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន កាត់បន្ថយការចំណាយ ស្របនឹងជម្រើសនិន្នាការរបស់ភ្ញៀវទេសចរបច្ចុប្បន្ន។

ការស្ដង់មតិបានបង្ហាញថា ទេសចរយុវជនភាគច្រើនគាំទ្រចំពោះការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន ដូច្នេះពួកគេតែងតែជ្រើសរើសទីកម្សាន្តណាដែលផ្សារភ្ជាប់ជាមួយធម្មជាតិ ឬស្នាក់នៅកន្លែងណាដែលគិតគូដល់បរិស្ថាន។ ចំពោះភ្ញៀវទេសចរអន្តរជាតិ ពួកគេគឺចង់ចូលរួមចំណែកដល់ការការពារបរិស្ថាន និងការជួយកែលម្អជីវភាពរបស់ប្រជាជនដែលរស់នៅក្នុងតំបន់មូលដ្ឋាននោះ តាមរយៈការស្នាក់នៅ និងការចំណាយលើសេវាកម្មទេសចរណ៍។

ក្រោមហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា អង្គការ WWF ប្រចាំកម្ពុជា និងអង្គការដៃគូរួមគ្នាដាក់ចេញគម្រោង «ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន» ដែលពិធីបើកជាផ្លូវការធ្វើឡើងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅភោជនីយដ្ឋានតូបាស្ស រាជធានីភ្នំពេញ។

នាយកអង្គការ WWF លោក សេង ទៀក បានលើកឡើងថា អង្គការ WWF ប្រចាំកម្ពុជាបានសហការជាមួយទីភ្នាក់ងារស្វ៉ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង «ការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន»

លោកអះអាងថា គម្រោងនេះនឹងជួយឱ្យអាជីវកម្មទេសចរណ៍ឆ្ពោះទៅមុខ ដោយអនុវត្តតាមបទដ្ឋានមួយប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាពប្រសើរជាងមុន ហើយគាំទ្រដល់ការការពារបរិស្ថានតាមរយៈការប្រើថាមពលកកើតឡើងវិញ និងប្រព័ន្ធបរិក្ខារត្រជាក់ដែលជួយសន្សំសំចៃក្នុងផ្ទះស្នាក់ទេសចរណ៍ធម្មជាតិ សណ្ឋាគារ ទីតាំងសហគមន៍ទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន។ គម្រោងនេះជាបទដ្ឋានមួយដែលនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។

ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លោក ឌិន សុមេធារិទ្ធ បានលើកឡើងថា ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ក្នុងសណ្ឋាគារ រមណីយដ្ឋានធម្មជាតិ និងទីតាំងទេសចរណ៍ធម្មជាតិតាមសហគមន៍។

លោក សុមេធារិទ្ធ បានសន្យាថា នឹងប្រើប្រាស់សំឡេងសហភាពទេសចរណ៍កម្ពុជា ដើម្បីជំរុញការប្រើប្រាស់ប្រពន្ធសូឡានេះនៅតាមអាជីវកម្មទេសចរណ៍ឱ្យបានច្រើនបន្ថែមទៀត ដោយសារតែការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យមិនទាន់មានភាពទូលំទូលាយនៅទូទាំងប្រទេសនៅឡើយ។

លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានអំពាវនាវដល់សហគ្រាស ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យចូលរួមគាំទ្រដល់គម្រោង «ការស្តារឡើងវិញ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញប្រកបដោយសុខុដុមនីយកម្មអាកាសធាតុ និងបរិយាបន្ន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការស្តារវិស័យទេសចរណ៍កម្ពុជានៅក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការអភិវឌ្ឍវិស័យទេសចរណ៍ទៅមុខប្រកបដោយចីរភាព និងភាពបៃតង។

បើតាមការរំពឹងរបស់កម្ពុជានិងអង្គការដៃគូ លទ្ធផលដែលគម្រោងនឹងសម្រេចបាននឹងរួមចំណែកគាំទ្រកិច្ចខិតខំរបស់កម្ពុជា ក្នុងការឈានទៅសម្រេចបាននូវគោលដៅរបស់ខ្លួនសម្រាប់វិស័យថាមពលក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ជំរុញតម្លៃប្រើប្រាស់សមរម្យ និងធានាហេតុប៉ះពាល់បរិស្ថានឱ្យនៅកម្រិតទាប៕