(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ព្រមទាំងបាននាំគ្រឿងចក្រកាយរំដោះទឹកដែលបង្កឡើងដោយសារភ្ញៀងធ្លាក់ជាប់ៗគ្នា ដើម្បីកុំឱ្យជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ សាលារៀន វត្តអារាម និងទីតាំងការដ្ឋានសាងសង់អគាររដ្ឋបាលច្រកទ្វារស្ទឹងបត់ ស្ថិតនៅសង្កាត់ផ្សារកណ្តាល។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ដើម្បីធ្វើយ៉ាងដោះស្រាយបញ្ហាគ្រោះជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា។

ជាក់ស្តែងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយលោក កែវ ដារ៉ារស្មី អភិបាលរងក្រុង, លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកអចិន្រៃយ៍គណបក្សក្រុង និងជាប្រធានក្រុមការងារ យុវជនក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹកជំនន់ដែលជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ និងទីតាំងមួយចំនួនក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពិនិត្យមើលស្ថានភាពជាក់ស្តែង លោក គាត ហ៊ុល បានពិភាក្សាជាមួយក្រុមស្ថាបនាអគាររដ្ឋបាល និងផ្លូវច្រកទ្វារអន្តរជាតិស្ទឹងបត់សម្រេចឱ្យគ្រឿងចក្រកាយដាក់លូ រំដោះទឹកចេញពីតំបន់នោះ ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ សាលារៀន វត្តអារាម និងទីតាំងការដ្ឋានសាងសង់អគាររដ្ឋបាលច្រកទ្វារស្ទឹងបត់ផងដែរ។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញនូវស្ថានភាពទឹកតាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ និងបានអះអាងថា ក្នុងភូមិសាស្ដ្រខេត្តមួយនេះ មិនទាន់មានទឹកជំនន់ឡើយ ពិសេសនៅតាមខ្សែបន្ទាត់ព្រំដែន។

ពាក់ព័ន្ធជាមួយស្ថានភាពនេះ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាទៅកាន់មន្ទីរធនធានទឹក និងឧតុនិយម ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចតាមដានឲ្យជាប់ជាប្រចាំ អំពីស្ថានភាពកម្ពស់ទឹក និងត្រូវរាយការណ៍ជាបន្ដបន្ទាប់មកក្រសួង ដើម្បីមានវិធានការឆ្លើយតបបន្ទាន់ក្នុងករណីចាំបាច់ណាមួយកើតឡើង ពិសេសជំនន់ទឺកឡើងខ្លាំង។

បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចជាប្រចាំដូចគ្នា ដើម្បីតាមដានស្ថានទឹកក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវមើលថែរក្សាកូនចៅឲ្យបានល្អ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុដោយសារទឹកជំនន់៕