(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា រដ្ឋាបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសចំនួន៤ខ្សែបន្ថែមទៀត នៅតំបន់ក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការមន ដើម្បីជួលសម្រួល និងដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍។
ការបញ្ជាក់របស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ យ៉ាងដូច្នេះធ្វើឡើង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងកិច្ចប្រជុំពិភាក្សា លើគម្រោងស្ថាបនា ផ្លូវក្រោមដីស្តុបកាណាឌីយ៉ា (BKC) និងពិនិត្យលទ្ធភាពចាប់ផ្តើម សាងសង់ស្ពានអាកាសចំនួន៤ខ្សែបន្ថែមទៀត នៅតំបន់ក្បាលថ្នល់។ នេះបើតាម Facebook Page ផ្លូវការរបស់លោក ប៉ា សុជាតិវង្ស។
លោកអភិបាលរាជធានីបានឱ្យដឹងថា «ការសាងសង់ផ្លូវក្រោមដី នៅចំណុចស្តុបកាណាឌីយ៉ា ក្រុមការងារបច្ចេកទេស នឹងសិក្សាឱ្យបានលម្អិតបន្ថែម អំពីផលប៉ះពាល់ នៃគម្រោង។ ចំណែក គម្រោងសាង់សង់ស្ពានអាកាសក្បាលថ្នល់ ត្រូវតែចាប់ផ្តើម បើទោះបីជានៅមានបញ្ហា ដែលជាឧបសគ្គមួយចំនួនក៏ដោយ»៕