(ឥណ្ឌូនេស៉ី)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានផ្នែកវប្បធម៌ និងសិល្បៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 ក្រោមប្រធានបទស្ដីពី «វប្បធម៌ដើម្បីការរស់នៅប្រកបដោយចីរភាព» (Culture for Sustainable Living) នៅទីក្រុងវប្បធម៌ បូរូប៊ូឌូ (Borobudur) នៃប្រទេសឥណ្ឌូនេស៉ី។
ក្នុកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រីវប្បធម៌នៃបណ្ដាប្រទេសG20, តំណាងសហគមន៍អាស៊ាន (កម្ពុជា), តំណាង EU, UNESCO និងបណ្តាប្រទេសដៃគូសន្ទនាមួយចំនួនទៀត។
កិច្ចប្រជុំពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចតទៅ៖
* បទអន្តរាគមន៍នៃគោលនយោបាយអាទិភាព ក្នុងវិស័យវប្បធម៌នៃបណ្តាប្រទេសG20 ក៏ដូចជាការស្តារឡើងវិញនូវវិស័យវប្បធម៌បន្ទាប់ពីជំងឺរាតត្បាតសកលកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ ផលវិបាកនៃសង្គ្រាម និងវិបតិ្តសកលមួយចំនួនទៀតដែលប៉ះពាល់ដល់វិស័យវប្បធម៌
* បទអន្តរាគមន៍រដ្ឋមន្ត្រីវប្បធម៌នៃបណ្តាប្រទេស G20 និងប្រទេសនានា បានសង្កត់ធ្ងន់ទៅលើតួនាទីវប្បធម៌ ក្នុងការរួមចំណែកពង្រឹងដល់ការរស់នៅ ប្រកបដោយចីរភាព (Culture for Sustainable Living)
* កិច្ចពិភាក្សាលើគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៉ី ស្តីពីការបង្កើតមូលនិធិសម្រាប់ស្តារវិស័យសិល្បៈ និងវប្បធម៌ សកល(Global Arts and Culture Recovery Fund) ដែលបង្ហាញពីសារសំខាន់ក្នុងការរៀបចំមូលនិធិអន្តរជាតិមួយ ដើម្បីជួយអន្តរាគមន៍លើវិស័យវប្បធម៌ដល់ប្រទេសនានាក្រោយវិបត្តិសកល។
នៅក្នុងបទអន្តរាគមន៍ លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគាំទ្រដល់សកម្មភាពនានាទាក់ទងទៅនឹងវិស័យវប្បធម៌ ដែលបានលើកឡើងក្នុងបទអន្តរាគមន៍នៃសមាជិកនៃកិច្ចប្រជុំ ដែលឆ្លើយតបយ៉ាងសមស្របទៅនឹងសភាពការណ៌បច្ចុប្បន្ន ពិសេសគឺការអំពាវនាវឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជ្រាបវប្បធម៌នៅក្នុងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយចីរភាព ដែលផ្តល់តម្លៃនិងរួមចំណែកក្នុងកិច្ចការពារធនធានវប្បធម៌ ដល់អ្នកបម្រើការក្នុងវិស័យវប្បធម៌ សិល្បៈ និងបេតិកភណ្ឌ ព្រមទាំងលើកទឹកចិត្តដល់ការផ្លាស់ប្តូររបៀបរស់នៅថ្មីក្នុងសង្គម ដោយឈរលើមូលដ្ឋាននៃវិញ្ញាតិ្តវប្បធម៌ សមធម៌ និងបរិយាប័ន។
ស្មារតីនេះ ក៏ស្របគ្នាទៅនឹងខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍សៀមរាប ទីក្រុងវប្បធម៌អាស៊ាន (Siem Reap – ASEAN City of Culture) ដែលបានអនុម័តនាពេលថ្មីៗកន្លងទៅនេះ ក៏បានផ្តោតសំខាន់ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងការសម្របខ្លួនដើម្បីគាំទ្រដល់ចរន្តសេដ្ឋកិច្ចវប្បធម៌ក្នុងបរិបទថ្មី។
លោកស្រីបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនអង្គប្រជុំឲ្យបានជ្រាបផងដែរ អំពីការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បតិ្តវប្បធម៌ខុសច្បាប់-ទស្សនៈពីអាស៊ាន នៅទីក្រុងសៀមរាប កាលពីសប្តាហ៍កន្លងទៅ ដែលបានទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីពេញចិត្ត។ លោកស្រីបណ្ឌិតសភាចារ្យ បានផ្តល់ការគាំទ្រដល់ប្រទេសឥណ្ឌូនេស៉ី និងបណ្ដាប្រទេសG20 ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតមូលនិធិសកលក្នុងការស្តារវិស័យសិល្បៈ និងវប្បធម៌សកលដើម្បីជួយគាំទ្រដល់បណ្តាប្រទេសនានា សំដៅធ្វើឲ្យវិស័យវប្បធម៌ក្លាយជាកម្លាំងចលករមួយសំខាន់ ក្នុងការស្ថាបនាសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 លោកស្រីបណ្ឌិតសភាចារ្យ បានឆ្លៀតទទួលជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីវប្បធម៌នៃប្រទេសសឹង្ហបុរី និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្កការទ្វេភាគី និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យសិល្បៈវប្បធម៌ ដែលជាអទិភាពនៃការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងសងខាង៕