(សៀមរាប)៖ ថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសជាដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជំរុញឲ្យមានការបង្កើតឲ្យមាន លេខាធិការដ្ឋានកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប-RCEP) មួយដែលឯករាជ្យ និងម្ចាស់ការ ដើម្បីដើរតួនាទី ក្នុងការងារសម្របសម្រួល ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ហើយកម្ពុជាមានចំណាប់អារម្មណ៍ ក្នុងទទួលយកលេខាធិការដ្ឋាននេះ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នាសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។
ឆ្លើយបតនឹងស្ថានសេដ្ឋកិច្ចតំបន់ និងពិភពលោកដែលកើតមានឡើងនាពេលថ្មីៗ សម្តេចតេជោបានលើកឡើងថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន និងអាស៊ានបូក១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមា ពីកិច្ចព្រមព្រៀងអាសិប ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារ សំដៅទាក់ទាញការចូលរួមពីបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចធំៗដទៃទៀត ក្នុងកិច្ចព្រមព្រៀងនេះ។ ក្នុងន័យនេះ កិច្ចព្រមព្រៀងអាសិប ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយ ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ។ កម្ពុជានៅតែមានចំណាប់អារម្មណ៍ និងផ្ដល់គ្រប់លទ្ធភាព និងសម្បទាន ក្នុងការទទួលយកលេខាធិការដ្ឋាននេះ»។
សូមជម្រាបថា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីដើមខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាន RCEP នេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេច សម្រាប់លេខាធិការដ្ឋាននេះ នៅរាជធានីភ្នំពេញ។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា បន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។
RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕