(កោះកុង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមេបញ្ជាការ និងនាយសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។
ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង ត្រូវបានផ្លាស់ប្តូរមុខតំណែង ជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែងតាំងលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ជំនួសវិញ។ ដោយឡែក លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត ពីនាយករងខុទ្ទកាល័យ ទៅជានាយសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែង គឺមានអត្ថប្រយោជន៍៤ជាគន្លឹះ៖
*ទី១៖ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
*ទី២៖ រៀបចំធនធានមនុស្សឲ្យស្រប និងសមត្ថភាពជំនាញ និងនិស្ស័យ
*ទី៣៖ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
*ទី៤៖ ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឲ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។
បើតាមនាយឧត្តមសេនីយ៍ សៅ សុខា លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិ គឺសុខភាពល្អ កាយសប្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលះបង់ គម្រូ ឧស្សាហ៍ព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មេបញ្ជាការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង ដែលបានជួយមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តកោះកុង សម្រេចបាននូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយកិត្តិយសទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទីភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។
ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង គប្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹង និងអនុវត្ត ៧ចំណុច រួមមានហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក។
ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព, ការងារដឹកនាំ គ្រប់គ្រង បញ្ជា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទីភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប៕