(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជាទាំងអស់ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ ឯកឧត្តម ប៊ូ ឡាំ តំណាង រាស្ត្រមណ្ឌលរតនគីរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៦៧ឆ្នាំ។
ក្នុងសារលិខិតនេះ បានសរសេរថា៖ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តម ប៊ូ ឡាំ ជាស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្ដោសប្រណីដ៏ថ្លៃថ្លា។
ការបាត់បង់ ឯកឧត្តម ប៊ូ ឡាំ គឺជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ជាពិសេស ឯកឧត្តម ប៊ូ ឡាំ បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការអភិវឌ្ឍន៍ រីកចម្រើន លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។
យើងខ្ញុំចងចាំ និងសូមគោរពនូវគំរូវីរភាពដ៏ល្អឧត្ដុង្គឧត្តមរបស់ ឯកឧត្តម ប៊ូ ឡាំ និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ប៉ូ ឡាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំ ពីយើង ខ្ញុំទាំងអស់គ្នា៕