(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុម ការងារប្រតិបត្តិប្រចាំតំបន់អាស៊ាន (Regional Action Group) នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF-World Economic Forum) ក្រោមប្រធានបទ៖ មាគ៌ារបស់អាស៊ាន ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយភាពរស់រវើក បរិយាបន្ន និងនិរន្តរភាព និងការប្រើប្រាស់ប្រព័ន្ធ ឌីជីថលសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ភាពធន់ និងការផ្លាស់ប្តូរ បៃតងរបស់សហគមអាស៊ាន។
កិច្ចប្រជុំនេះ បានផ្តោតការពិភាក្សាជាសំខាន់លើប្រធានបទចំនួន៣ រួមមាន ១៖ ការលើកកម្ពស់ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ របស់អាស៊ានតាមរយៈបច្ចេកវិទ្យា ២៖ ការជំរុញឱ្យមានការផ្លាស់ប្តូរកំណើនបៃតង តាមរយៈបច្ចេកវិទ្យា និង ៣៖ មាគ៌ារបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល ប្រកបដោយភាពរស់រវើក បរិយាបន្ន និងនិរន្តរភាព។
លោកទេសរដ្ឋមន្ត្រី ក៏ជម្រាបជូនអំពីបញ្ហាប្រឈមទាក់ទងនឹងការអនុវត្តយន្តការច្រកចេញចូលតែមួយ (Single Window Single Inspection) និងបានលើកទឹកចិត្តឱ្យវិស័យឯកជនជំរុញរដ្ឋាភិបាលរបស់ខ្លួន ក្នុងការប្រើប្រាស់យន្តការនេះ សម្រាប់ការត្រួតពិនិត្យការដឹកជញ្ជូនទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅ តាមព្រំដែន និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការបញ្ចប់ផែនការមេស្តី ពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលត្រូវការ ទុនវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងប្រមាណ ៣៣២គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន ព្រមទាំងបង្កើតការងារធ្វើនៅកម្ពុជា។
ទន្ទឹមនឹងនេះលោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងគម្រោងដាក់ដំណើរការជាបណ្ដោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (Expressway PP-SHV) នៅដើមខែតុលា ឆ្នាំ២០២២ ដែលជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា អាចកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព៕