(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់ Fresh News ឱ្យដឹងនៅរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះថា លោក រស់ សារ៉ុម ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ រឿងប្តឹងថ្នាក់ដឹកនាំគ.ជ.ប ទៅអង្គភាពប្រឆាំងអំពើពុករលួយដោយមិនមាន ហេតុផល។ លោកចាត់ទុកថា ករណីនេះជាការបរិហារកេរ្តិ៍ ។
ប្រតិកម្មរបស់អ្នកនាំពាក្យគ.ជ.ប បានធ្វើឡើងបន្ទាប់ពី លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន បានសរសេរលិខិត មួយច្បាប់ផ្ញើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ៤រូបរួមមាន លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប លោក ហង់ ពុទ្ធ សមាជិកគ.ជ.ប និងជាអ្នកនាំពាក្យ និងលោក ម៉ោង សុភារិទ្ធ អគ្គលេខាធិការរងគ.ជ.ប អំពីការឃុបឃិតគ្នាប្រព្រឹត្តិអំពើពុករលួយ ក្នុងការតែងតាំង និងការធ្វើសមាហរណកម្មមន្រ្តីរាជការ ក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រព្រឹត្តក្នុងខែមករា ឆ្នាំ២០១៦។
ទោះជាយ៉ាងណា Fresh News មិនទាន់អាចសុំការបកស្រាយពី លោក រស់ សារ៉ុម ដើម្បីពន្យល់បន្ថែមជុំវិញពាក្យបណ្តឹងរបស់លោក បាននៅឡើយទេ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានចាត់ទុកថា បណ្តឹងរបស់លោក រស់ សារ៉ុម មានលក្ខណៈមិនច្បាស់លាស់ ហើយជាការ បរិហារកេរ្តិ៍ ដល់ស្ថាប័នគ.ជ.ប ដែលកំពុងរៀបចំដំណើរការ សម្រាប់ការបោះឆ្នោតឃុំសង្កាត់។ លោកថា «លោក (រស់ សារ៉ុម) បានធ្វើ ពាក្យបណ្តឹងទៅ ដោយមិនសមហេតុសមផល។ គ.ជ.ប បានបំពេញតួនាទីរបស់ខ្លួនស្របទៅតាមច្បាប់ និងឯកសារបទដ្ឋាននានាដែល មានចែង អញ្ចឹងគ.ជ.ប នឹងតម្កល់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួនជាធំក្នុងការ រៀបចំឱ្យដំណើរការបោះឆ្នោតទៅតាមការកំណត់ របស់ច្បាប់ ហើយសាមីខ្លួន លោក រស់ សារ៉ុម ត្រូវទទួលខុសត្រូវ នូវអ្វីដែលលោកបានសរសេរ និងអ្វីដែលលោកបានប្តឹងហើយ គ.ជ.ប នឹងធ្វើការដោះស្រាយទៅលើទិដ្ឋភាពច្បាប់»។
ប៉ុន្តែទោះជាយ៉ាងណា លោកថា គ.ជ.ប មិនទាន់ប្រជុំសម្រេចចំពោះរឿងហ្នឹងនៅឡើយទេ ។ លោកថា ការរើសមន្រ្តីរបស់គ.ជ.ប គឺធ្វើទៅតាមការធ្វើកំណែទម្រង់របស់គណបក្សជាប់ឆ្នោតទាំងពីរ ហើយអ្វីៗគឺធ្វើទៅតាមច្បាប់ទាំងអស់។ គ.ជ.ប បានរៀបចំឱ្យមន្រ្តី ដែលមានស្រាប់នៅទីនោះ មានក្របខណ្ឌទាំងអស់។
គណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ក្នុងនោះមានសមាសភាពក្បាល ម៉ាស៊ីន៩រូប ដែល៤រូប ជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជា ៤រូបជ្រើសរើសដោយគណបក្សសង្រ្គោះជាតិនិង១រូបមកពីខាង អង្គការសង្គមស៊ីវិល ដែលជ្រើសរើស ដោយគណបក្សទាំងពីរ។ ការកែសម្រួល គ.ជ.ប នេះ ត្រូវបានធ្វើឡើងតាមកិច្ចព្រមព្រៀង បញ្ចប់បញ្ហានយោបាយ នៅក្នុងប្រទេសកម្ពុជា របស់គណបក្សមានអសនៈក្នុងរដ្ឋសភាទាំងពីរ ហើយក៏ដើម្បីឱ្យដំណើរការបោះឆ្នោត មានភាពសុក្រិត ត្រឹមត្រូវ និងយុត្តិធម៌៕