(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវរួមសហការគ្នាក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានស្មើៗគ្នា ដូចៗគ្នា និងកាន់តែល្អប្រសើរថែមទៀត។

ការណែនាំបែបនេះ របស់អភិបាលខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសលោកជួបសំណេះសំណាលជាមួយមន្រ្តីនៃសាលាខេត្តក្រចេះ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

លោកអភិបាលខេត្ត បានថ្លែងថាក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ មន្ត្រីទាំងអស់ត្រូវធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋអាចទៅធ្វើបុណ្យប្រកបដោយសុខសុវត្ថិភាព និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ។

លោកអភិបាលខេត្ត បានលើកឡើងថា «មន្ត្រី គឺជាទូក ឬជាស្ពានសម្រាប់ចម្លងប្រជាពលរដ្ឋឱ្យទទួលបានសុខសុវត្ថិភាព ទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ»

លោក វ៉ា ថន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ ព្រមទាំងបន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសការយកចិត្តទុកដាក់លើការផ្តល់សេវាសារធារណៈទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលបានបន្តថា៖ «ដោយផ្អែកទៅតាមស្ថានភាពវិវឌ្ឍនៃប្រទេសជាតិ ក្នុងដំណាក់កាលចុងក្រោយ មន្ត្រីរាជការ ត្រូវប្រែឥរិយាបថពីអ្នកគ្រប់គ្រង ទៅជាអ្នកបម្រើសេវាសាធារណៈ ដូច្នេះ មកដល់វេលានេះ យើងជាមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ច នៅក្នុងតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវមានការយល់ដឹង និងដើរឱ្យស្របទៅតាមគោលនយោបាយនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានស្មើៗគ្នា ដូចៗគ្នា និងកាន់តែល្អប្រសើរថែមទៀត។ ដូច្នេះ ក្នុងនាមជាមន្ត្រីរាជការ ត្រូវរួមសហការគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានគាប់ប្រសើរ ដោយឈរលើគោលការណ៍ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព»

លោក វ៉ា ថន ក៏បានជូនពរសូមឱ្យប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការទាំងអស់ មានសុខសុវត្ថិភាពរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរ ដោយពាក់មួក និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បីបញ្ចៀសនូវបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិត និងបានឧបត្ថម្ភនូវថវិកាមួយចំនួនដល់អភិបាលរងខេត្ត និងមន្រ្តីរដ្ឋបាលខេត្ត នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ៕