(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាក្នុងនាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានដឹកនាំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ជួបពិភាក្សាការងារជាមួយស្ថាប័ន Halal Development Corporation (HDC) ដែលភាគីម៉ាទ្បេសុីដឹកនាំដោយ លោក Hairol Ariffein Sahari, នាយកប្រតិបត្តិនៃ HDC។
កិច្ចពិភាក្សានេះបានធ្វើឡើងនៅការិយាល័យសុីធីខេត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីដែលជាសមាជិក សមាជិកាគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងគណៈប្រតិភូម៉ាឡេស៊ីជាច្រើនរូបផងដែរ។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាង HDC ដែលបានសហការជាមួយស្ថាប័នគ្រប់គ្រងហាឡាលកម្ពុជានាពេលកន្លងមក។ លោកបណ្ឌិត បានស្នើដល់ភាគីម៉ាឡេស៊ី ឲ្យបន្តសហការជាមួយស្ថាប័នគ្រប់គ្រងហាឡាលកម្ពុជា ក្នុងការអភិវឌ្ឍស្ថាប័ននេះ ឲ្យមានគុណភាព និងសមត្ថភាពខ្ពស់សំដៅទទួលបាននូវការទទួលស្គាល់ជាសកល, និងបានស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ដែលមាន HDC ជាសេនាធិការបន្តជួយសហការអភិវឌ្ឍស្ថាប័នហាឡាលកម្ពុជា និងសូមឲ្យជួយផ្សព្វផ្សាយពីផលិតផលហាឡាលកម្ពុជាដល់ទីផ្សារម៉ាឡេស៊ី ក៏ដូចជាទីផ្សារអន្តរជាតិផងដែរ។
លោក Hairol Ariffein Sahari បានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីចូលរួមអភិវឌ្ឍន៍ស្ថាប័នគ្រប់គ្រងហាឡាលកម្ពុជា លោកបានបន្ថែមថា នឹងនាំយករាល់សំណើភាគីកម្ពុជា ជូនដល់រដ្ឋាភិបាលម៉ាឡេស៊ី និងរង់ចាំទទួលគាំទ្រ និងសហការលេីគម្រោងស្នេីសុំទៅតាមការជាក់ស្តែង។
ការមកដល់កម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីចែករំលែកនូវរាល់បទពិសោធន៍ដែលប្រទេសម៉ាឡេស៊ីមានលើវិស័យហាឡាលម៉ាឡេស៊ី, ជួយពង្រឹងការអភិបាលកិច្ចល្អរបស់ស្ថាប័នហាឡាលកម្ពុជា ឲ្យមានលក្ខណៈកាន់តែប្រសើរឡើង និងជួយរៀបចំគម្រោងរយៈពេលវែង ក្នុងការចេញវិញ្ញាបនបត្រ បញ្ជាក់ពីស្តង់ដារហាឡាល ឲ្យកាន់តែមានគុណភាពខ្ពស់។
លោកបន្តថា ការរៀចំប្រព័ន្ធអភិបាលកិច្ចនេះ នឹងធ្វើជារបាយការណ៍ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យភាគីកម្ពុជាអាចមានលទ្ធភាពរៀបចំជាកញ្ចប់ថវិកាក្នុងការអភិវឌ្ឍវិស័យហាទ្បាលនេះឲ្យដំណើរការទៅបានកាន់តែល្អ និងរីកចម្រើនទៅមុខទៀត។
គួរជម្រាបថា កិច្ចសហប្រតិបត្តិការខាងលើនេះ បានកើតឡើងឆ្លើយតបទៅនឹងជំនួបពិភាក្សាការងាររបស់ នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេសុី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅដោយភាគីម៉ាឡេស៊ី ដែលរួមមាន JAKIM, Halal Development Corporation (HDC), Ministry of International Trade and Industry (MITI), MATRADE Headquarters និង MATRADE HCMC បានគាំទ្រលើទស្សនវិស័យពង្រឹងសមត្ថភាពកិច្ចការហាទ្បាលប្រទេសកម្ពុជា៕