(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការស្រាវជ្រាវលើវីដេអូមួយ ដែលមានជនបរទេសមានជម្លោះជាមួយគ្នារហូតដល់ផ្ទុះអាវុធ និងចាក់ជាច្រើនកាំបិតនោះ សមត្ថកិច្ចបានបញ្ជាក់ថា ករណីក្នុងវីដេអូនេះ មិនមែនកើតឡើង នៅខេត្តព្រះសីហនុ ឬនៅក្នុងប្រទេសកម្ពុជាទេ។ នេះបើតាម នាយឧត្តមសេនីយ៍ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News។

វីដេអូបាញ់ប្រហារ និងចាក់ជាច្រើនកាំបិតរបស់ជនបរទេសមួយក្រុម នៅក្នុងបន្ទប់ទទួលទានអាហារ ត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម និងតាមឆាត Telegrem និង What'sApp កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ដោយមានការផ្សព្វផ្សាយថា ជាករណីកើតឡើងនៅខេត្តព្រះសីហនុ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្រោយទទួលបានវីដេអូដែលមិនមានប្រភពច្បាស់លាស់នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងសន្និដ្ឋានបានថា ហេតុការណ៍បាញ់ប្រហារនេះ មិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជានោះឡើយ ពោលវីដេអូនេះកើតឡើងនៅបរទេស។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការយល់ច្រឡំ ហើយកុំទាន់សន្និដ្ឋាននូវអ្វីដែលខ្លួនទទួលបានដោយគ្មានមូលដ្ឋាន ឬប្រភពច្បាស់លាស់។

បន្ថែមពីនេះ អ្នកដែលចេះភាសាចិន ក៏អះអាងដែរថា តាមសំឡេងឆ្លើយឆ្លងក្នុងហេតុការណ៍បាញ់ប្រហារនោះ មិនមែនជាភាសាចិននោះឡើយ។

គួរជម្រាបថា តាមរយៈវីដេអូដែលបានចែកចាយ តាមឆាត Telegrem What'sApp មានរយៈពេលត្រឹមជាង៣០វិនាទី បានបង្ហាញឲ្យឃើញថា មានជនបរទេសមួយក្រុមប្រដាប់ដោយអាវុធវែងខ្លីស្ទើរគ្រប់ដៃ និងកាំបិត បានបាញ់ប្រហារគ្នាទៅកាន់ភាគីជម្លោះ និងចាក់ជាច្រើនកាំបិត នៅក្នុងបន្ទប់ទទួលទានអាហារ ដែលបណ្ដាលឲ្យមានអ្នករងរបួសជាច្រើននាក់៕