(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅចំណុចអូរធំចំការចេក ភូមិអូររំចេក ឃុំក្រពើពីរ ស្រុកវាលវែងប្រមាណ២៦៧គ្រួសារដើម្បីក្តាប់ ស្ថានភាពនៃការរស់នៅ តម្រូវការនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងរួមចំណែកដោះស្រាយបញ្ហា និងចាត់វិធានការ ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកអភិបាលខេត្ត បានថ្លែងថា ប្រជាពលរដ្ឋខ្មែរទាំងមូល ជាពិសេសចាស់ ព្រឹទ្ធាចារ្យបានធ្លាប់រស់នៅឆ្លងកាត់ជាច្រើន របបនៃការ គ្រប់គ្រងមកហើយ គឺមានតែក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តយើងកន្លងមក។ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន បានស្វែងរកការអភិវឌ្ឍឥតឈប់ឈរ ជូនប្រទេសជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាត់បន្ថយអត្រា នៃភាពក្រីក្រ ប្រជាពលរដ្ឋមានដីធីគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានសំណូមពរបញ្ចូលរូបលោកជាសមាជិកក្នុងគ្រួសារ ប្រជាពលរដ្ឋប្រមាណ ២៦៧គ្រួសារ ដែលក្នុងតួនាទីនេះ លោកអភិបាលខេត្ត នឹងរួមសុខទុក្ខជាមួយ ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយប្រជាពលរដ្ឋទាំងអស់អាចទូរស័ព្ទមកលោក២៤ម៉ោង/២៤ម៉ោង ដើម្បីលោកជួយដោះ ស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដែលប្រជាពលរដ្ឋមិនអាចដោះស្រាយបាន និងជួយប្រជាពលរដ្ឋក្នុងករណី ដែលរងនូវភាពអយុត្តិធម៌ណាមួយ។
លោកអភិបាលខេត្តបានអំពាវនាវឲ្យ ប្រជាពលរដ្ឋចេះរួបរួមសាមគ្គីគ្នា អធ្យាស្រ័យអោយគ្នា ជៀសវាងការបង្កើតទំនាស់ដែលនាំអោយ ខាតបង់ទាំងសងខាង និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីឲ្យសហគមន៍ទាំងមូលរស់នៅក្នុងភាព សុខដុមរមនា កុំជឿទៅតាមការឃោសនា ញុះញង់ បោកប្រាស់របស់ជនអគតិមួយចំនួន ដែលអាចនាំខ្លួនយើងឱ្យពាក់ព័ន្ធទៅនឹងអំពើ ខុសច្បាប់ ដែលគេបានប្រព្រឹត្ត។
លោកអភិបាលខេត្តបានរម្លឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យមើលថែសុខទុក្ខ និងដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋតាមសមត្ថកិច្ច រៀងៗខ្លួន ពីភូមិមកឃុំ ពីឃុំមកស្រុក និងពីស្រុកមកខេត្ត។ ជាមួយគ្នានេះ ក៏ត្រូវចាត់វិធានការអោយបានម៉ឺងម៉ាត់ទប់ស្កាត់បទល្មើស កាប់រានទន្រ្ទានព្រៃខុសច្បាប់ផងដែរ។ ក្នុងពិធីនេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ដល់ ប្រជាពលរដ្ឋជាង ៤០០ នាក់ ក្នុងម្នាក់ៗទទួលបានសារុងចំនួន១ផងដែរ៕