(កណ្តាល)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារ រួមមានលោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រដ្ឋបាលស្រុក ឃុំ ភូមិ ចុះពិនិផ្ទៀងផ្ទាត់លើការបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាលក្នុងស្រុកកៀនស្វាយ មុននឹងប្រកាសជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ជាផ្លូវការនៅពេលខាងមុខ។
លោកអភិបាលរងខេត្ត បានឲ្យដឹងថាក្នុងខែកញ្ញានេះរដ្ឋបាលខេត្ត និងមន្ទីរជំនាញនឹងចុះផ្ទៀងផ្ទាត់លើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឱ្យបានចប់សព្វគ្រប់ក្រុងស្រុកចំនួន០៧ ដែលនៅសល់ ខណៈស្រុកចំនួន ០៤ បានប្រកាស ODF ជាផ្លូវការរួចហើយ ព្រមទាំងត្រៀមស្នើទៅក្រសួងអភិវឌ្ឍជនបទ ចុះមកពិនិត្យវាយតម្លៃជាផ្លូវការថាខេត្តកណ្ដាលពិតជាខេត្តODF។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកអភិបាលរងខេត្ត លើកឡើងអំពីគោលបំណងដើម្បីអោយប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ និយាយដោយឡែក និងនិយាយជារួមក្នុងខេត្តកណ្តាលទាំងមូល មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ ហើយប្រើប្រាស់បង្គន់អនាម័យដើម្បីបញ្ឈប់នូវការបន្ទោបង់ពាសវាលពាសកាល ដែលនាំអោយប៉ះពាល់ដល់សុខភាព ខាតបង់ប្រាក់កាស បង្កហានិភ័យដោយសារសត្វអាសិរពិសប្រសិន បើចេញទៅបន្ទោបង់ពាសវាលពាសកាលនៅពេលយប់ ជាពិសេសជួយដល់ សោភណភាព អនាម័យ និងបរិស្ថានល្អ។
លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ ការលំបាក ព្រមទាំងសុខមាលភាពបងប្អូន ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន។
លោកអភិបាលរង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យទៅទទួលចាក់វ៉ាក់សាំងសម្រាប់អ្នកមិនទាន់បានចាក់ និងបន្តចាក់វ៉ាក់សាំងដូសជំរុញនៅមណ្ឌលសុខភាពដោយឥតគិតថ្លៃ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។
លោក នុត ពុធដារ៉ា បានបន្តថា ដើម្បីធ្វើឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF មានន័យថា ប្រជាពលរដ្ឋក្នុងខេត្តទាំងទូទាំងខេត្តកណ្ដាល គឺមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ បញ្ឈប់បានទាំងស្រុងនូវការបន្ទោបង់ពាស វាលពាសកាលទាំងការចិញ្ចឹមសត្វពាហនៈ មាន់ទា ជាដើមក៏ត្រូវមានទ្រុងដាក់ឲ្យបានត្រឹមត្រូវ និងសំអាតលាមកជាប្រចាំគឺចាំបាច់ទាមទារឱ្យអាជ្ញាធរ ភូមិ-ឃុំ-ស្រុក ត្រូវតែខិតខំចុះផ្សព្វផ្សាយអប់រំណែនាំ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការយល់ដឹងខ្ពស់អំពីសុខភាព ភាពស្អាត និងអនាម័យ ត្រូវធ្វើយ៉ាងណាជំរុញឱ្យប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ ចេះធ្វើអនាម័យខ្លួនប្រាណ ដៃជើងជាប្រចាំជាមួយសាប៊ូ និងចេះសម្អាតបរិស្ថានជុំវិញផ្ទះផងដែរ។
ក្នុងឱកាសចុះវាយតម្លៃ និងសំណេះសំណលជាមួយប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ក្រុមការងារបានឧបត្ថម្ភដល់ប្រជាពលរដ្ឋប្រមាណ ២៥០នាក់ ក្នុងម្នាក់ៗទទួលបាន សាប៊ូ ០២ដុំ និងថវិកា មួយចំនួនផងដែរ៕