(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការចុះពិនិត្យសិក្សាស្រាវជ្រាវអំពីការផ្ទេរមុខងារការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ (គជអប) លើរដ្ឋបាលក្រុង ស្រុកទូទាំងខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ បានធ្វើនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង១៤ ក្នុងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនចូលរួមផងដែរ។

បើតាមលោក ធូ ភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះស្រាវជ្រាវ បានធ្វើរបាយការណ៍ជូនកិច្ចប្រជុំជាលទ្ធផល នៅតាមសាលារៀន បានឱ្យដឹងថា នៅបណ្តាស្រុកខ្លះ អនុវត្តបានល្អ ស្រុកខ្លះទៀតអនុវត្តមិនទាន់បានល្អនៅឡើយ គឺបានធ្វើខុសពីនិតិវិធីព្រមទាំងមានចំណុចខ្វះខាតច្រើនដែលត្រូវការកែតម្រូវជាបន្ទាន់។

លោក ធូ ភា បានលើកឡើងថា ជាលទ្ធផលការងារ នៃការចុះពិនិត្យសិក្សាស្រាវជ្រាវអំពីការផ្ទេរមុខងារការគ្រប់គ្រង ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ (គជអប) លើរដ្ឋបាលក្រុង ស្រុកទូទាំងខេត្តបាត់ដំបង គឺជាការដកពិសោធន៍មួយបន្ទាប់ពីថ្នាក់លើបានធ្វើសមាហារណកម្មផ្ទេរមុខងារលើវិស័យអប់រំរយៈកន្លងមក ជាការឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចខ្វះខាតមួយចំនួនដើម្បីកែតម្រូវ។

លោក សុខ លូ បានថ្លែងថា តាមរបាយការណ៍របស់លោកអភិបាលរងបានរាយការណ៍នេះ ជាបទពិសោធន៍មួយសម្រាប់រាយការណ៍ទៅថ្នាក់ជាតិ (គជអប) និងគោរពសុំយោបល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន (គជអប) ថ្នាក់ជាតិ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបន្តថា ដើម្បីកែប្រែឱ្យល្អប្រសើឡើងសូមឱ្យលោកអភិបាលក្រុង ស្រុក និងការិយាល័យអប់រំស្រុកទាំងអស់ ត្រូវចុះពិនិត្យឱ្យបានញឹកញាប់ដល់មតេយ្យសិក្សា និងបឋមសិក្សាដើម្បីត្រួតពិនិត្យ ទប់ស្កាត់ ភាពអាណាធិបតេយ្យនៅតាមសាលានានាតាមស្រុករបស់ខ្លួន។

លោកបានបញ្ជាក់ថា ចំពោះកញ្ចប់ថវិកាដែលថ្នាក់លើបានទម្លាក់ឱ្យស្រុកជាអ្នកគ្រប់គ្រងខ្លួនឯង ហើយជំនាញហិរញ្ញវត្ថុ ត្រូវការចំណាយថវិកាឱ្យត្រូវទៅតាមខ្ទង់ចំណាយឱ្យបានត្រឹមត្រូវ និងច្បាស់លាស់តាមគោលការណ៍ច្បាប់ហិរញ្ញវត្ថុបានកំណត់។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានកោតសសើដល់លោក ធូ ភា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លងមក ទើបទទួលបានពីចំណុចការខ្វះខាតទាំងនេះ ដែលជាបទពិសោធន៍សម្រាប់យើងធ្វើការកែតម្រូវឱ្យល្អប្រសើឡើងវិញឈានទៅការអនុវត្តការងារឱ្យរលូនតទៅ។

លោក សុខ លូ បានជំរុញបន្ថែមដល់រដ្ឋបាលក្រុង ស្រុក ការិយាល័យអប់រំស្រុក ការងារអ្វីដែលមានការខ្វះខាតកន្លងមក នាំគ្នាកែតម្រូវ និងខិតខំធ្វើការងារនេះឱ្យបានត្រឹមត្រូវ និងល្អប្រសើ នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕