(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១៥គ្រួសារ ក្នុងសង្កាត់រលួសខណ្ឌដង្កោ។
អំណោយដែលត្រូវយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រទាំង១៥គ្រួសារ ក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១+ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា៣ម៉ឺនរៀល។ ជាមួយគ្នានេះ ព្រះគ្រូចៅអធិការវត្តព្រះធាតុ សង្កាត់រលួស បានប្រគេនបន្ថែមក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគ០១កញ្ចប់ ផងដែរ។
លោក នុត ពុធដារ៉ា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ អំពីការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់គិតគូរដល់បងប្អូនទាំងអស់នៅទូទាំងប្រទេស និងតែងបានផ្តាំផ្ញើដល់សាខា អនុសាខាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរទាំងអស់ ឲ្យយកចិត្តទុកដាក់ដល់ការលំបាករបស់បងប្អូនទាំងអស់នៅមូលដ្ឋាន។
លោកអភិបាល ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់នាថ្ងៃនេះ។ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាតរស់នៅស្អាត ដើម្បីបន្តរស់នៅបានយូរអង្វែង រង់ចាំមើលការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើងបន្តទៀត៕