(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានទទួលសម្ភារ ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យពីគណៈមន្ត្រីសង្ឃខេត្តកំពង់ស្ពឺ ដឹកនាំដោយព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ បាននិមន្តដឹកនាំគណៈមន្ត្រីសង្ឃខេត្ត និងព្រះអនុគណក្រុង និងស្រុកទាំង៧ សម្រាប់ចុះសួរសុខទុក្ខដល់បងប្អូនកងទ័ពឈរជើងនៅតាមព្រំដែនជួរមុខ ក្នុងខេត្តមណ្ឌលគិរី។

សម្ភារគ្រឿងឧបភោគ បរិភោគ និងបច្ច័យរួមមាន៖ អង្ករ៥០បាវ, មី៩០កេស, ទឹកត្រី ៦០យួរ, ទឹកស៊ីអ៉ីវ ៣០យួរ, ត្រីខ ៨យួរ, ប៊ីចេង ១០កញ្ចប់, ទឹកក្រូច ៦៤កេស, ទឹកសុទ្ធ ៦០កេស និងបច្ច័យសរុប ១២,៦០០,០០០រៀល។

នាឱកាសនោះលោក វ៉ី សំណាង បានឱ្យដឹងថា ក្រុមការងារនឹងជ្រើសរើសពេលវេលាសមស្របណាមួយ ដើម្បីនាំសម្ភារ គ្រឿងឧបភោគ បរិភោគនេះ ចុះសួរសុខទុក្ខដល់បងប្អូនកងទ័ពដែលឈរជើងនៅតាមព្រំដែនជួរមុខ ក្នុងខេត្តមណ្ឌលគិរី៕