(ព្រៃវែង)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពារាំង កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិល ទូទាំងស្រុកពារាំង ចំនួន ៦២៧នាក់ និងបានឧបត្ថម្ភក្នុងម្នាក់ៗ រួមមាន ថវិកា ៥០,០០០៛ និងសម្ភារៈ មានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ទឹកសុទ្ធ១កេស, ត្រីខ ១យួរ និងសារុង ១។
ជាមួយនេះដែរ នាយឧត្តមសេនីយ៍ បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន ដោយគូសបញ្ជាក់ថា គណបក្សប្រជាជនមិនដែលភ្លេចគុណូបការៈដែលបងប្អូនបានខិតខំនាពេលកន្លងមកគឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូន។ ឯកឧត្ដម ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជូនដល់អស់លោកទាំងអស់ដែលជាអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះបក្ស ក៏ដូចជាប្រទេសជាតិ បក្សមិនដែលភ្លេចទេ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានណែនាំដល់អស់លោក លោកស្រីទាំងអស់ ត្រូវដឹងគុណ ត្រូវការពារ ហើយក៏ត្រូវតែមើលឃើញពីសារៈសំខាន់នៃការដឹកនាំរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ហើយនៅថ្ងៃខាងមុខនេះ បងប្អូនត្រូវវាយតម្លៃឱ្យខ្ពស់ចំពោះការដឹកនាំរបស់គណបក្ស ប្រជាជនក៏ដូចជារាជរដ្ឋាកិបាល ដែលបងប្អូនត្រូវចងចាំរហូតដល់ពេលបច្ចុប្បន្ននេះ។
ជាមួយនិងការជួបសំណេះសំណាល និងសួរសុខទុក្ខនេះផងដែរ អគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់បងប្អូនដែលមិនទាន់បានទៅចាក់វ៉ាក់សាំងដូសទី៤ ទី៥ត្រូវទៅចាក់ឱ្យបានគ្រប់ៗគ្នា ព្រមទាំងរក្សាអនាម័យ និងប្រកាន់ខ្ជាប់គោលការណ៍ ៣កុំ ៣ការពារ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ និងសូមជូនពរបងប្អូនមានសុខភាពល្អបរិបូរណ៍ មានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅទីវត្តអារាម ការធ្វើដំណើរកម្សាន្តនានា ព្រមទាំងការជួបជុំញាតិមិត្ត ប្រកបដោយសេចក្ដីរីករាយ៕