(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និង គម្រោងសហគ្រិននារីសកម្មរបស់អង្គការផេកកម្ពុជា តាមរយៈការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងក្របខណ្ឌការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមពីតំណាងពាក់ព័ន្ធរបស់ស្ថាប័នទាំង២ នៅអគារអភិវឌ្ឍធុរកិច្ច។

គោលបំណងរួមនៃអនុស្សរណៈយោគយល់នេះ គឺដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នារវាងស្ថាប័នទាំងពីរ សំដៅពង្រីកការផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឲ្យបានទូលំទូលាយ និងទៅដល់អ្នកដែលត្រូវការបំផុត។

កន្លងទៅ ស្ថាប័នទាំង២ ធ្លាប់បានសហការជាមួយគ្នាជាច្រើនលើកជាច្រើនសារួចទៅហើយ និង បានផ្សព្វផ្សាយប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន តាមរយៈការចាត់បញ្ជូនវាគ្មិនពីមជ្ឈមណ្ឌល បណ្ដុះធុរកិច្ចថ្មី «តេជោ» ទៅកម្មវិធីនានារបស់ស្ថាប័នដៃគូអង្គការផេកកម្ពុជា។

ការចុះអនុស្សរណៈយោគយល់នេះ នឹងបើកទំព័រថ្មីនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និង អង្គការផេកកម្ពុជា ក្នុងគោលដៅលើកកម្ពស់ និងគាំទ្រដល់សហគ្រិន ក្នុងការទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្មនេះ។

តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងអង្គការផេកកម្ពុជា ក៏បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការធ្វើការជាមួយគ្នាប្រកបដោយស្មារតីបុរេ-សកម្ម និងការទទួលខុសត្រូវខ្ពស់ សំដៅជាប្រយោជន៍រួមសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ការចុះអនុស្សរណៈ-យោគយល់នេះត្រូវបានបញ្ចប់ទៅយ៉ាងរលូន និងក្នុងបរិយាកាសអំណរសាទរ។

គួរបញ្ជាក់ផងដែរ ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានធ្វើឡើងក្រោមការសម្របសម្រួល របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជាសេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបន្ទុកផ្នែកគាំទ្រ និងផ្នែកបច្ចេកទេស។

ប្រព័ន្ធនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និង បាននឹងកំពុងពង្រីកវិសាលភាព ទៅកាន់ដំណាក់កាលទី ២ និងទី ៣ បន្តទៀត។

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាផ្នែកមួយនៃការកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឈរលើគោលការណ៍ កាត់បន្ថយពេលវេលាត្រួតពិនិត្យ, កាត់បន្ថយចំណាយ និង កាត់បន្ថយនីតិវិធីស្មុគស្មាញ។

អង្គការផេកកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលបរទេសមិនស្វែងរកប្រាក់ចំណេញ ដែលគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស ផ្អែកលើព័ត៌មាន និងទិន្នន័យដែលទទួលបានពីសហគមន៍ ដើម្បីកសាងភាពធន់ បង្កើនគណនេយ្យភាព ពង្រឹងចំណេះដឹង និងជំនាញក្នុងការចូលរួមអភិវឌ្ឍសង្គមប្រកបដោយចីរភាព៕