(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ជំនួបនេះ រៀបចំធ្វើឡើង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP កន្លងមក ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅកម្ពុជា និងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវ «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ជាមួយនិងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រលប់ទៅ រកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។

យុទ្ធសាស្រ្តនេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរស់រវើកឡើង ក៏ដូចជាចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់តែពិពិធកម្ម ក៏ដូចជាដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ច។

ជាក់ស្តែង, សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២១ សម្រេចបានកំណើនក្នុងរង្វង់ ៣,០% ហើយសម្រាប់ឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ ថាកំណើនសេដ្ឋកិច្ចនឹងអាចសម្រចបានក្នុងរង្វង់ ៥,៤% ដោយផ្អែកលើកំណើននៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញនៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរំពឹងថាការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងមានភាពធូរស្រាល ដោយសារការទទួលបានការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយនៅកម្ពុជា និងស្របពេលកម្ពុជាបន្ត សម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី (new normal)។

លោកស្រី Kanni Wignaraja ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា និងសូមអបអរសាទរជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស តាមគោលដៅក្នុងល្បឿនលឿន ដែលអនុញ្ញាត្យកម្ពុជា អាចចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ ដែលនេះ គឺជាការព្យាយាមកសាងតុល្យភាពរវាងការការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន និងការចាប់ផ្តើមសកម្មភាពស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ។

ក្នុងឱកាសនេះដែរ លោកស្រី Kanni Wignaraja ក៏បានរំលឹកអំពីអនុស្សាវរីយ៍ ដែលលោកស្រីបានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ៣០ ឆ្នាំមុនហើយ លោកស្រីសង្ឃឹមថា នឹងមានឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តីម្តងទៀត ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅចុងខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

លោកស្រីក៏បានវាយតម្លៃខ្ពស់ ចំពោះចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងកោតសរសើរចំពោះការអភិវឌ្ឍប្រែប្រួល និងការរីកចម្រើនស្ទើរគ្រប់វិស័យនៅកម្ពុជា ក្នុងរយៈពេលខ្លីចុងក្រោយនេះ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ UNDP ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឲ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០២៣ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ និងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកស្រីនាពេលនេះ នឹងរួមចំណែកដល់ការគាំទ្រកម្ពុជាក្នុងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ប្រកបដោយភាពរឹងមាំ និងភាពធន់នឹងវិបត្តិសេដ្ឋកិច្ច នាពេលអនាគត ក៏ដូចជាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា-UNDP ឲ្យកាន់តែរឹងមាំបន្ថែមទៀត៕