(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសរវាងធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ស្តីពី «ការលើកកម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវ វិភាគសេដ្ឋកិច្ច និងប្រតិបត្តិការរូបិយវត្ថុ»។
កិច្ចសហប្រតិបត្តិការបច្ចេកទេសមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដោយនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃ ការអនុវត្តនយោបាយរូបិយវត្ថុ របស់ធនាគារជាតិនៃកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនៃ ប្រតិបត្តិការទីផ្សាររូបិយវត្ថុអន្តរធនាគារ និងពង្រឹងទំនាក់ទំនងជាមួយសាធារណជន ដើម្បីលើកកម្ពស់ការយល់ដឹងពី ការអនុវត្តនយោបាយរូបិយវត្ថុ។
ទន្ទឹមនេះកិច្ចសហប្រតិបត្តិការ បច្ចេកទេសក៏នឹងជួយបង្កើនសមត្ថភាពធនធានមនុស្ស របស់ធនាគារជាតិនៃកម្ពុជា ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុនៅកម្ពុជាស្រប់ពេល ដែលគម្រោងបច្ចេទេសនេះ នឹងរួមចំណែកអភិវឌ្ឍយន្តការ និងក្របខណ្ឌនយោបាយរូបិយវត្ថុ សំដៅគាំទ្រដល់ការធ្វើឱ្យប្រសើរឡើង នៃការសម្រចចិត្តផ្នែកគោលនយោបាយ។
ធនាគារជាតិនៃកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ JICA ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជាពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកន្លងមក ដែលបាន រួមចំណែកអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕