(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប រួមជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំស្តីពី នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលយុតិ្តធម៌ និងពាក់ព័ន្ធលើការអនុវត្តយន្តការរួមនឹងការចូលរួមអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងឧត្តមប្រយោជន៍របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអច្ចិន្ត្រៃ (គ.ខ.ប.ជ) ព្រមទាំងមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ គ.ជ.ប.ជ គណៈអភិបាលក្រុង ស្រុក តំណាងមន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ច និងអង្គការដៃគូរជាតិ អន្តរជាតិ ចូលរួមចំនួន១២០នាក់។

លោកស្រី យូ សុភាព បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំប្រកបដោយឆន្ទៈមោះមុត ក្នុងការតស៊ូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ដើមី្បការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសក៏ដូចជនបរទេសគ្រប់រូប ដែលរស់នៅកម្ពុជា មិនឱ្យធ្លាក់ទៅក្នុងមហន្តរាយដោយអំពើទាសភាព សម័យថ្មីនេះបានឡើយ។

លោកស្រីបានបន្តថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបង្កើនការផ្សព្វផ្សាយអប់រំដល់សាធារណជនទូទៅនៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីសភាពការណ៍ល្បិចកល សកម្មភាពឧក្រិដ្ឋជនជួញដូរមនុស្ស និងការប្តេជ្ញាចិត្តប្រយុទ្ធ ប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ដែលពេលកន្លងមកសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានពុះពារអនុវត្តភារកិច្ចសំដៅការពារកិត្តិយសសេចក្តីថ្លៃថ្នូរ និងជីវភាពរស់នៅសម្រាប់ ប្រជាពលរដ្ឋកម្ពុជា បានល្អប្រសើរ និងលើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំ ការយល់ដឹងអំពីច្បាប់ស្តីពីការងារ ច្បាប់ការប្រឆាំងការ ជួញដូរមនុស្ស កម្លាំងពលកម្ម និងច្បាប់អន្តោប្រវេសន៍ច្បាប់បទដ្ឋានគតិយុត្តិចាំបាច់នានា ឱ្យបានចូលដល់ស្រទាប់មហាជនសំដៅបំផុសចលនាឱ្យចូលរួមគោរពអនុវត្តច្បាប់ឱ្យបានល្អផងដែរ។

ទន្ទឹមនឹងនោះ លោកស្រីក៏បានស្នើដល់អាជ្ញាធរ សមត្ថកិច្ចត្រូវផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែសកម្ម និងបំផុសគំនិតបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ និងបំផុសឱ្យ មានការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជួញដូរពលកម្ម ព្រមទាំងអាជីវកម្មផ្លូវភេទនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកស្រីក៏បានជំរុញដល់សមាជិកនៃកិច្ចប្រជុំទាំងមូលត្រូវបញ្ចេញមតិចូលរួមពិភាក្សា ដើមី្បរកនូវធាតុចូលដែលជាចលករមួយសម្រាប់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធបានយកទៅធ្វើការអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕