(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី អនុប្រធានគណបក្ស នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ទ្រង់បានយាងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រីយ៍អេលីហ្សាបេតទី២ នៃចក្រភពអង់គ្លេស នៅស្ថានឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងនាមប្រជារាស្ត្រខ្មែរ និងថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច បានសម្តែងនូវមនោសព្ចោតនាដ៏សែនក្រៀមក្រំបំផុត ចូលរួមរំលែកមរណទុក្ខជាមួយព្រះរាជវង្សានុវង្ស និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការបាត់បង់ដ៏ធំធេងនូវអង្គព្រះមហាក្សត្រិយ៍ដ៏ឆ្នើម ដែលជានិមិត្តរូបនៃប្រជាជាតិ និងប្រជាជននៃចក្រភពអង់គ្លេស។

ជាមួយគ្នានេះ ស្នាព្រះហស្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២ ក្នុងការបំពេញព្រះរាជកិច្ចបម្រើជាតិបាននាំមកនូវសន្តិភាព វិបុលភាព សុភមង្គល ជាអរិយ្យប្រទេសដ៏រុងរឿងជូនប្រជាជននៃចក្រភពអង់គ្លេស ដែលមានតម្លៃជាសកលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។

ក្នុងឱកាសនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សូមឧទ្ទិសបួងសួងចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២ ទ្រង់បានយាងទៅសោយសុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕