(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ចុះត្រួតពិនិត្យការដ្ឋានជុសជុលក្រាលការ៉ូឡាចិញ្ចើមផ្លូវលើកំណាត់ផ្លូវលេខ៣៣អា ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខណៈផ្លូវនេះជាចំណែកមួយត្រៀមលក្ខណៈជាម្ចាស់ផ្ទះនៃព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាសារទ្រីយ៉ាត្លុង ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោកអភិបាលខេត្តកែប បានបញ្ជាក់ថា ការកែលម្អដងផ្លូវលេខ៣៣អានេះ គឺដើម្បីលើកកម្ពស់សោភ័ណភាពខេត្តឱ្យកាន់តែស្រស់ត្រកាលមួយកម្រិតទៀត ក្នុងនោះមានការរៀបចំក្រាលការ៉ូឡា ចាប់ពីឆ្នេរលេងទឹក ទៅទល់នឹងរង្វង់មូលសេះស និងបំពាក់សំណង់សិល្បៈការ្យជាច្រើនកន្លែង និងបំពាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវផងដែរ។
ស្របពេលជាមួយគ្នា សម្រាប់ខេត្តកែប នឹងត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេម លើវិញ្ញាសារទ្រីយ៉ាត្លុង នាឆ្នាំ២០២៣ខាងមុខ ដើម្បីទទួលភ្ញៀវជាតិ អន្ដរជាតិ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ រដ្ឋបាលខេត្តកែប បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវ, ប្រព័ន្ធលូរំដោះទឹក, ការកែលម្អសោភ័ណភាព សួនកំសាន្ដសាធារណៈ, ការពង្រីកឆ្នេរកម្សាន្ដថ្មី ប្រវែង ២,៧០០ម៉ែត្រ, ការចាក់ដីពង្រីកទីធ្លាមុខសាលាខេត្ត និងការជំរុញដល់គ្រប់បណ្ដារសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត ក្នុងការចូលរួមផ្ដល់សេវាទេសចរណ៍ប្រកបដោយស្ដង់ដារ។
ក្រៅពីនេះបានត្រៀមលក្ខណៈជាស្រេច ក្នុងការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ ដែលមកសម្រាកកម្សាន្ដ នៅលើទឹកដីខេត្តកែប ប្រកបដោយផាសុខភាព និងទំនុកចិត្ត៕