(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគ្នាបានយ៉ាងល្អក្នុងការផ្តល់សេវា លើវិស័យសុខុមាលភាពកុមារ និងជនមានពិការភាព ដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើន។ លោកបន្តថា សម្រាប់ស្ថានភាពកុមារនៅកម្ពុជា បានផ្តល់អាទិភាពលើការអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ តាមរយៈការលើកកម្ពស់ការថែទាំងតាមគ្រួសារ និងសហគមន៍។

ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងខណៈលោក បានជួបសំណេះសំណាលជាមួយលោក ជេន អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រតិបត្តិប្រចាំប្រទេស របស់អង្គការទស្សនៈពិភពលោក នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសង្គមកិច្ច។

លោក ជេន អ៊ីម៉ានូអែល ហ្គីនទីញ បានអបអរសាទរជាមួយកម្ពុជាដែលបានចូលជាសមាជិកនៃភាពជាដៃគូដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ក៏ដូចជាបានអនុវត្តទៅផែនការ និងអនុសាសន៍ផ្សេងៗរបស់អង្គការសហប្រជាជាតិ។

លោកបន្តថា អង្គការមួយនេះភាគច្រើនធ្វើការនៅថ្នាក់ក្រោមជាតិ និងធ្វើការជាមួយគណៈកម្មការស្រ្តី និងកុមារថ្នាក់ឃុំ/សង្កាត់ ទៅលើសកម្មភាពបណ្តុះបណ្តាលផ្សេងៗ ហើយក៏ធ្វើការជាមួយឪពុកម្តាយ អាណាព្យាបាលកុមារ នៅថ្នាក់ក្រោមជាតិ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាលើកុមារ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានលើកទឹកចិត្តដល់អង្គការដៃគូទាំងអស់ផ្តល់សេវាទៅតាមសហគមន៍ដល់កុមារក្នុងគ្រួសារក្រីក្រ ទាំងបច្ចុប្បន្ន និងនាពេលអនាគត និងស្នើដល់អង្គការទស្សនៈពិភពលោក ពង្រីកក្រុមគោលដៅ ឲ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់សេវាសាធារណៈតាមមូលដ្ឋានក្នុងប្រទេសកម្ពុជា។

ជាចុងក្រោយរដ្ឋមន្រ្តី វង សូត បានសម្តែងការសង្ឃឹមយ៉ាងមុតមាំថា នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយផ្តោតសំខាន់ទៅលើការផ្តល់សេវាដល់កុមារ ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងការពារឧត្តមប្រយោជន៍កុមារនៅកម្ពុជា៕