(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានប្រទះឃើញសពរបស់ជនជាតិចិនម្នាក់ នៅបឹងកំប្លោក តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

ជុំវិញការប្រទះឃើញសពជនជាតិចិននេះ ត្រូវបានគេដាក់ការសន្និដ្ឋានថា ជាសពរបស់ជនរងគ្រោះដែលធ្លាក់ពីលើខុនដូរជាន់ទី៣ បណ្ដាលឲ្យរបួសធ្ងន់ នៅវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ចំណុចក្នុងបន្ទប់លេខ៣០៣ និង៣០៤ អាគារលេខ១៧២ ផ្លូវលេខ១៦៧ ភូមិ៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។ ប៉ុន្ដែនៅពេលជនរងគ្រោះធ្លាក់មក គេប្រទះឃើញជនជាតិចិនដូចគ្នា ដឹកតាមរថយន្ដចេញទៅបាត់ ដោយគេគិតថា ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មិនដូចអ្វីដែលអ្នកឃើញហេតុការណ៍គិតថា ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនោះឡើយ ពោលជនជាតិចិនដូចគ្នានេះ បានយកជនរងគ្រោះទៅបោះចោលនៅបឹងកំប្លោកទៅវិញ ដែលនាំឲ្យមានការសង្ស័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ MA HONGCUN អាយុ៣៨ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ៤១០៩២៨១៩៨៤០៨០៨០៦១៣ ពុំស្គាល់កន្លែងស្នាក់នៅពិតប្រាកដ។

យោងតាមការបំភ្លឺពីសន្តិសុខយាមនៅអាគារកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង០២៖៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ខ្លួនបានដើរត្រួតពិនិត្យនៅបរិវេណជុំវិញអាគារ ពេលនោះក៏ស្រាប់តែប្រទះឃើញ មានមនុស្សប្រុសម្នាក់ដេកផ្កាប់មុខនៅចំហៀងអាគារ មានហូរឈាមចេញពីក្បាល។ ពេលនោះខ្លួនបានទាញទូរស័ព្ទដៃមកថតរូបទុក រួចបានមើលទៅខាងលើឃើញបង្អួចបន្ទប់នៅជាន់ទី៣ (បន្ទប់លេខ៣០៣) បើកហើយភ្លើងបន្ទប់បើក រួចក៏មានជនជាតិចិនមានគ្នា៣នាក់ និងខ្មែរម្នាក់ ដែលជាអង្គរក្សរបស់ជនជាតិចិន បានចុះមកក្រោម ហើយអ្នកទាំងនោះក៏បានចាប់លើកជនរងគ្រោះដាក់លើរថយន្តរបស់ពួកគេបើកចេញទៅបាត់។

សមត្ថកិច្ចកោសល្យវិច័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ ហើយត្រូវជនសង្ស័យ៤នាក់ យកពីកន្លែងធ្លាក់ពីលើអគារ ទៅទម្លាក់ចោលក្នុងទឹកបឹងផ្លូវ៦០ម៉ែត្រ។ បច្ចុប្បន្នត្រូវបានដម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំទាក់ទងទៅស្ថានទូតស្វែងរកគ្រួសារមកទទួលយក៕