(ភ្នំពេញ)៖ លោក Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាលោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងវិស័យពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារតែពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។

ការបញ្ជាក់ពីជំហរបែបនេះ របស់ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្វាតេម៉ាឡា បានធ្វើឡើងក្នុងឱកាសដែលលោកត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបជូនសារតាំង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

តាមរយៈជំនួបនេះដែរ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរូបនេះ បានឱ្យដឹងថា ប្រទេសកម្ពុជាជាប្រទេសដែលមានវប្បធម៌សម្បូរបែប ជាពិសេសរមណីដ្ឋានអង្គរ និងតំបន់ទេសចណ៍ជាច្រើន។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះលោក Carlos Humberto Jiménez Licona ត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋក្វាតេម៉ាឡា តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ លោក Carlos Humberto Jiménez Licona បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា លោកនឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋក្វាតេម៉ាឡាជាមួយតំបន់អាស៊ានឱ្យកាន់ប្រសើរឡើងថែមទៀត ពីព្រោះប្រទេសជាសមាជិកអាស៊ានមានសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពី លោកប្រធានាធិបតី នៃសាធារណរដ្ឋក្វាតេម៉ាឡា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជូនចំពោះថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។

សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងបន្តខិតខំថែរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងជាយូរលង់ណាស់មកហើយឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

តាមរយៈឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋក្វាតេម៉ាឡា។

សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕