(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងទេសចរណ៍ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកជំទាវ ហេង ខាំពង្ស និងក្រុមគ្រួសារដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ ឯកឧត្តម ប៊ូ ឡាំ តំណាង រាស្ត្រមណ្ឌលរតនគីរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៦៧ឆ្នាំ។

តាមរយៈសាររំលែកមរណទុក្ខ លោក ថោង ខុន បានបង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យបំផុតជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ឯកឧត្តម ប៊ូ ឡា ដែលជាស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ និងជាឥស្សរជនឆ្នើមមួយរូបដែលបានរួមចំណែកក្នុងការតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបំពេញការងារយ៉ាងសកម្មជាមួយស្ថាប័ននីតិបញ្ញត្តិ ប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ នាពេលកន្លងមក។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងគុណបុណ្យព្រះរតនត្រ័យតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធឯកឧត្តម ប៊ូ ឡាំ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕