(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿង ទណ្ឌិត សម រង្ស៊ី ដែលជាប់ពាក់ព័ន្ធករណី «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក»

នេះបើយោងតាម លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានរបស់អង្គភាព Fresh News ប្រចាំតុលាការ តាមបណ្តាញសារ Telegram នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

បទចោទនេះ ពាក់ព័ន្ធនឹងករណី លោក សម រង្ស៊ី ចុះកិច្ចព្រមព្រៀងជាមួយមេដឹកនាំជនជាតិភាគតិចវៀតណាម ឈ្មោះ កុក ស ក្នុងគោលបំណងប្រគល់ខេត្តខ្មែរចំនួន៤ ឱ្យទៅជនជាតិភាគតិចម៉ុងតាញ៉ា គ្រប់គ្រងប្រសិនបើខ្លួនជាប់ឆ្នោត។

ក្នុងកាលបរិច្ឆេតរបស់តុលាការសំណុំរឿងនេះ ត្រូវលើកយកមកប្រកាសសាលក្រម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែពេលនេះ តុលាការបានសម្រេចលើកទៅពេលក្រោយ ដោយមិនកំណត់។

អ្នកនាំពាក្យដដែលបានបន្ថែមថា ចំពោះការប្រកាសសាលក្រមសំណុំរឿងនេះ តុលាការ និងជូនដំណឹងនៅពេលក្រោយ។

សូមរំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ បានបើកការជំនុំជម្រះកំបាំងមុខទណ្ឌិត ឈ្មោះ សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀងជាមួយ ឈ្មោះ កុក ស ជាមេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញ៉ា និងបុគ្គលនេះ បានព្រមព្រៀង កាត់ដីខ្មែរចំនួន៤ខេត្ត រួមមាន: ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម និងផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើគណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ២០១៣ និងបានដឹកនាំប្រទេសជាតិ។

កាលក្នុងកំឡុងពេលសវនាការ លោក ស៊ីន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងថា ក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ សម រង្ស៊ី ភេទ ប្រុស អាយុ ៧២ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» តាមបញ្ញត្តិមាត្រា ២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ។

យោងតាមបទចោទប្រកាន់ និង បញ្ញាតិមាត្រាខាងលើនេះ , ជនជាប់ចោទ និងជាទណ្ឌិតស្រាប់ ឈ្មោះ សម រង្ស៊ី អាចប្រឈមនឹងការជាប់គុក អស់មួយជីវិត ប្រសិនបើ តុលាការរកឃើញថា មានកំហុសដូចការចោទប្រកាន់ខាងលើមែន៕