(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តចលនាប្រឡងប្រណាំ ឃុំ សង្កាត់ បម្រើសេវាល្អប្រចាំឆ្នាំនៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងនាមមេឃុំ/ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវផ្តោតសំខាន់លើការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិដែលបានកំណត់ថា បម្រើប្រជាពលរដ្ឋឲ្យ បានកាន់តែប្រសើរឡើង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិយើង និងប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រសិទ្ធផលដោយឈលើគោលការណ៍អភិបាលកិច្ចល្អ។

ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងគោលការណ៍ខាងលើ រដ្ឋបាលខេត្តបានដាក់ចេញនូវ ចលនាប្រឡងប្រណាំង ឃុំ/សង្កាត់ បម្រើសេវាល្អ ដោយតម្រួវឲ្យមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវបំពេញតួនាទី ភារកិច្ចក្នុងការផ្តលសេវា និងបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុតិ្តជាធរមាន។

រដ្ឋបាលខេត្តបង្កើតចលនាប្រឡងប្រណាំងនេះឡើង គឺដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព ពាក់ព័ន្ធនិងការផ្តលសេវាឃុំ សង្កាត់ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋ។

ក្នុងនោះលក្ខណ្ឌដែលមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវ រៀបចំបង្កើតហ្វេសប៊ុកផេក (Facebook Page) បន្ទាប់មក មេឃុំ/ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចុះផ្សាយនូវព័ត៌មានជាខ្លឹមសារអក្សរ អមដោយរូបភាពជាក់ស្តែងនៃសកម្មភាពការអនុវត្តតួនាទី ភារកិច្ច ក្នុងការផ្តល់សេវា និងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយដល់សាធារណជនឲ្យបានដឹងអំពីការខិតខំប្រឹងប្រែង និងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

រាល់សកម្មភាព និងការផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផេក (Facebook Page) ពីសេវាសាធារណៈរបស់រដ្ឋបាលឃុំ សង្កាត់ណាមួយដែលទទួលបានការចូលចិត្ត (Like) ពីប្រជាពលរដ្ឋច្រើនជាងគេ នោះរដ្ឋបាលខេត្ត និងមានជាការលើកទឹកចិត្តដល់រដ្ឋបាលឃុំ សង្កាត់ ដែលទទួលបានជ័យលាភី គឺគិតចាប់ត្រឹមពីចំណាត់ថ្នាក់លេខ១ ដល់៣ ក្នុងនោះជ័យលាភីដែលទទួលបានមាន៖

*លេខ១ ទទួលបានប័ណ្ណសរសើរបស់រដ្ឋបាលខេត្ត អមជាមួយថវិកាចំនួន៥០លានរៀល
*លេខ២ ទទួលបានប័ណ្ណសរសើរបស់រដ្ឋបាលខេត្ត អមជាមួយថវិកាចំនួន៣០លានរៀល
*លេខ៣ ទទួលបានប័ណ្ណសរសើរបស់រដ្ឋបាលខេត្ត អមជាមួយថវិកាចំនួន២០លានរៀល។

សេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវចាត់ចែងអនុវត្តចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អក្នុងខេត្តព្រះសីហនុឲ្យបានល្អប្រសើរ ចាប់ពីពេលចេញសេចក្តីណែនាំនេះតទៅ៕