(ស្វាយរៀង)៖ លោកស្រី ហ៉ឹម ម៉ាលី ក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារប្រគេនទៅទេយ្យវត្ថុ និងបច្ច័យមួយចំនួនដល់វត្តចំនួន៧ នៅក្នុងស្រុករំដួល ក្នុងឱកាសវេនទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យដ៏ធំមួយសម្រាប់ពុទ្ធសាសនិកជន ធ្វើបុណ្យទានជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង៧ សន្ដានដែលបានចែកឋានទៅលោកខាងមុខ។

ថ្លែងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌវេនទី៣ លោកស្រី បានកោតសរសើរអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៅក្នុងឃុំសង្កែ ដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។

នៅក្នុងឱកាសនោះ លោកស្រីបានអំពាវនាវដល់អាជ្ញាធរ ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់ទៀត ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ការអភិវឌ្ឍន៍លើផ្ទៃប្រទេសទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

បន្ថែមលើសពីនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ បន្តថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ គោរពច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទនៅមូលដ្ឋាន ដោយត្រូវអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឲ្យបានល្អ ដើម្បីធានាបានសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅដោយសុខសាន្ត។

នៅក្នុងឱកាសនោះ លោកស្រី បានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៧អង្គ ក្នុងមួយអង្គថវិការចំនួន២៥ម៉ឺនរៀល និងបច្ច័យកសាងចំនួន៧វត្ត ក្នុងមួយវត្តថវិកាចំនួន១២០០០០០រៀល ចំណែកឯប្រជាពលរដ្ឋចូលរួមក្នុងម្នាក់ៗ ក៏ទទួលបានសារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕