(បន្ទាយមានជ័យ)៖ អង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានផ្តួចផ្តើមចូលរួមកាន់វេនភ្ជុំបិណ្ឌទី៣ នៅវត្តសមាធិផល ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

បើតាមព្រះគ្រូ ប៉ាត សុគន្ធ ព្រះចៅអធិការវត្តសមាធិផល បានមានសង្ឃដិកាថា បុណ្យភ្ជុំបិណ្ឌនេះជាបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ក្នុងពិធីកាន់វេនភ្ជំបិណ្ឌនេះ មានពុទ្ធបរិស័ទប្រជាពលរដ្ឋបានបូជា ទៀន ធូប ផ្កាភ្ញី ចំពោះព្រះរតនត្រៃ សមាទានសីលធ្វើកិច្ច នមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយ សម្ល នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បី ឧទ្ទិសនូវផលានិសង្ស ជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិការទាំង ៧សណ្ដាន។

ព្រះគ្រូ ប៉ាត សុគន្ធ បានមានសង្ឃដិកាបន្តទៀតថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ឥស្សរជនវីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបណានិគម ចាស់ ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាពិសេសគឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្ម យ៉ាងព្រៃផ្សៃ និងស្លាប់ យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ព្រះគ្រូ ប៉ាត សុគន្ធ បានមានសង្ឃដិកាបន្ថែមថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ជាពិធីមួយតាមបែបពុទ្ធសាសនា សម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ហើយបានប្រារព្ធធ្វើចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។

ពិធីបុណ្យកាន់បិណ្ឌ គឺតែងតែប្រារព្ធធ្វើជាប្រពៃណី តាំងពីបរមបុរាណតរៀងមក មានគោលបំណងដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាម ទទួលការផ្គត់ផ្គង់ពីពុទ្ធបរិស័ទចំណុះជើងវត្ត ទំនុកបម្រុងព្រះសង្ឃ គង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា និងក៏ជារំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។

ថ្លែងនាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានលើកឡើងអំពីអំឡុការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំងនៅទូទាំងប្រទេស ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋ មានឱកាស បានជួបជុំ និងគោរពប្រណិបត្តិ សាសនា តាមជំនឿរៀងៗខ្លួន ជាពិសេសធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានធ្វើការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានទាំងអស់ ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់ពេញចិត្ត ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដើម្បីដឹកនាំប្រទេសបន្តរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត និងសូមបន្តការគាំទ្រនេះ ក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត ។

ជាមួយគ្នានោះ ដើម្បីចូលរួមចំណែក និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាលោក ក៏បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យចំនួន ៣.១៨០.០០០ រៀល ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា អស់កាល រយៈពេល ៣ខែផងដែរ៕