(ព្រះវិហារ)៖ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះ ជួបសំណេះសំណាល សួរសុខទុក្ខ និងបន្តនាំអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ប្រគល់ជូនបងប្អូនអតីតយុទ្ធជន ជាជនពិការ ដែលមានជីវភាពខ្វះខាត ៣៨គ្រួសារ មកពីតាមបណ្តាឃុំនានា ក្នុងនៅស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា ស្របនឹងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីដ៏ធំរបស់ប្រជាពលរដ្ឋខ្មែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី បានផ្តល់អំណោយមកចែកជូនដល់អតីតយុទ្ធជន ដែលមកពីតាមបណ្ដាលឃុំ នៃស្រុកគូលែន ដើម្បីជួយសម្រួលដល់ការខ្វះខាត ពិសេសសម្រាប់យកទៅចាត់ចែងធ្វើជាចង្ហាន់ទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងញាតិសណ្តាន ដែលបាន ចែកឋាន។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអរគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់អតីតយុទ្ធជន ដែលបានលះបង់នូវ សាច់ស្រស់ ឈាមស្រស់ តស៊ូរំដោះជាតិមាតុភូមិនាពេលកន្លងមក រហូតដល់ពិការជើង ពិការដៃ និងពិការភ្នែកដល់សព្វថ្ងៃនេះផងដែរ។
សូមបញ្ជាក់ថា អំណោយដែលនាំមកប្រគល់ជូននៅពេលនេះរួមមាន៖ អង្ករ ១ប៉េ ស្មើ៣០គីឡូ, មីជាតិ ១កេស, ត្រីខ ១យួរ និងថវិកាចំនួន ២០,០០០រៀលផងដែរ៕