(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាប ជូនប្រជាពលរដ្ឋ ដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវចំពោះម្ចាស់មីក្រូហិរញ្ញវត្ថុ ជួយផ្តល់ប្រាក់កម្ចីឲ្យប្រជាពលរដ្ឋ ដែលបានមករស់នៅក្នុងតំបន់រុនតាឯក ដោយអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋប្រមាណពាន់គ្រួសារនេះ អាចនឹងមានមួយចំនួនត្រូវការដើមទុន ដើម្បីបង្កើតនូវមុខរបរ ដូច្នេះសម្ដេចអំពាវនាវ ឲ្យសេវាមីក្រូហិរញ្ញវត្ថុយោគយល់ ចំពោះការផ្តល់ឥណទាន និងអាទិភាពការផ្តល់ឥណទាន សម្រាប់ប្រជាពលរដ្ឋទៅរស់នៅរុនតាឯក ដោយមានអាទិភាពនៃការប្រាក់ ដែលអាចទាបជាងការប្រាក់ ដែលឲ្យទៅគោលដៅដទៃខ្ចី។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចអត់មានសិទ្ធិដាក់បញ្ជាទេ ប៉ុន្ដែសម្ដេចមានសិទ្ធិដាក់បញ្ជាទៅលើអ្វី ដែលស្ថិតលើសមត្ថកិច្ច ដូចជា៖ ការបញ្ជាលុយឲ្យចេញទៅលើការទិញដី, លុយឲ្យចេញសម្រាប់ការធ្វើផ្លូវថ្នល់ និងលុយឲ្យចេញសម្រាប់ការធ្វើបណ្ដាញទឹកស្អាត, សាលារៀន និងមន្ទីរពេទ្យ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា មានតែកុម្មុយនីសទេ ដែលរដ្ឋចេញបញ្ជាទៅវិស័យឯកជន តែនេះសម្ដេចអត់មានសិទ្ធិចេញបញ្ជាទេ គឺសម្ដេចអំពាវនាវឲ្យមីក្រូហិរញ្ញវត្ថុ ផ្ដល់ការយោគយល់ សម្រាប់អ្នកដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា តាមរយៈគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ ចេញពីតំបន់ទាំងនេះ។

ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទ ក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើន ត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរ ផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

យោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មាន អ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដី បានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។

ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេស ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯករួច ចំនួន ១,១១៧ ដោយក្នុងមួយគ្រួសារ ទទួលបានដីចំនួន ១ឡូត៍ ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ៕