(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យកងទ័ពនៃយោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ ឱ្យបញ្ចេញរថយន្តជួយដឹកជញ្ជូនសម្ភារប្រជាពលរដ្ឋ ដែលយល់ព្រមស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការបញ្ជាបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាយ៉ាងដូច្នេះថា៖ «លើបញ្ហាការដឹកជញ្ជូន បងប្អូន ត្រូវការឱ្យជួយដឹកជញ្ជូនពីកន្លែងចាស់ មកកន្លែងថ្មី ខ្ញុំសូមប្រគល់ជូនទៅយោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍ទី២ ប្រើប្រាស់មធ្យោយបាយនៅនឹងកន្លែង ដើម្បីដឹកជញ្ជូនសម្ភាររបស់ប្រជាពលរដ្ឋ មកដល់ទីកន្លែងដែលត្រូវសាងសង់...! ដូច្នេះ ត្រូវតែដឹកសម្ភារមកនៅដាក់នៅទីតាំងដីដែលកន្លែងដែលបានឈូសឆាយរួចហើយ អញ្ចឹងបងប្អូននៅកន្លែងនេះត្រូវដឹងខ្លួនថា ដែលយើងដែលយើងបានចាប់ឆ្នោតហើយ ត្រូវតែដីដែលបានឈូសឆាយហើយ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិធីសាស្ត្រដែលសម្តេចបញ្ជាកងទ័ព គឺអត់ចាំតែជួបអគ្គមេបញ្ជាការកងយោធពលខេមរភូមិ មេបញ្ជាការកងទ័ពជើងគោក ឬជួបរដ្ឋមន្ត្រីការពារជាតិនោះទេ ប៉ុន្តែ សម្តេចជួបមេកងពល និងមេភូមិភាគ គឺបញ្ជាផ្ទាល់តែម្តង ដូច្នេះហើយទើបសម្តេចអាចគ្រប់គ្រងកងកម្លាំងបាន និងទាន់សភាពការណ៍នានា។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថាលក្ខខណ្ឌដែលនឹងត្រូវដឹកជញ្ជូនសម្ភាររបស់ប្រជាពលរដ្ឋមកកាន់ទីតាំងភូមិធម្មជាតិរុនតាឯកនេះ គឺជាដីដែលត្រូវបានចាប់ឆ្នោត ព្រមទាំងបានឈូសឆាយរួចហើយ ដូច្នេះ ករណីនេះកងទ័ពយោធភូមិទី៤ និងកងពលធំអន្តរាគមន៍លេខ២ ជាអ្នកទទួលបន្ទុកលើការងារដឹកជញ្ជូនសម្ភារនានារបស់ប្រជាពលរដ្ឋដែលយល់ព្រមរុះរើសដោយស្ម័គ្រចេញពីតំបន់រមណីយដ្ឋានអង្គរ។

ទន្ទឹមនឹងការបញ្ជាឱ្យកងទ័ពទី២អង្គភាពបំពេញភារកិច្ចដឹកជញ្ជូននេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ឱ្យយោបល់ថា ប្រសិនបើករណីខ្វះមធ្យោបាយដឹកជញ្ជូន ត្រូវរាយការណ៍ជូនមេបញ្ជាការកងទ័ពជើងគោក ដើម្បីបញ្ជូនរថយន្តបន្ថែម សម្រាប់ធ្វើឱ្យដំណើរការដឹកជញ្ជូនសម្ភាររបស់ប្រជាពលរដ្ឋមកកាន់តំបន់ភូមិធម្មជាតិរុនតាឯកនេះ បានទាន់ពេលវេលា។

ទន្ទឹមនឹងនេះដែរ នៅចំពោះមុខប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែដល់ពួកគាត់ថា ប្រសិនបើដីដែលត្រូវប្រគល់ជូនមិនទានត្រូវបានឈូសឆាយហើយ សូមកុំរុះរើសម្ភារ មកឱ្យសោះ គឺរងចាំការរៀបចំឈូសឆាយហើយជាដើម ដូច្នេះ រាល់ភារកិច្ចក្នុងការដឹកជញ្ជូនតាមការស្នើសុំ គឺសម្តេចបានត្រៀមរួចរាល់សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយការលំបាករបស់បងប្អូន។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។

ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេស ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯករួចចំនួន ១,១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូត៍ ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ។

ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងបានរុះរើតូបខុសច្បាប់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន ៣២២តូប ក្នុងនោះស្ថិតនៅចំណុចទីតាំងមុខប្រាសាទបន្ទាយក្តីចំនួន ៣៤តូប, ចំណុចទីតាំងស្រះស្រង់ខាងត្បូងចំនួន ១៨៦តូប, ចំណុចទីតាំងភូមិទក្សិណខាងត្បូងចំនួន ៧៩តូប និងចំណុចទីតាំងខាងត្បូងកស្សិណអង្គរចំនួន ២៣តូប។ ក្រុមការងារ បានដាំកូនឈើឡើងវិញលើទីតាំងដីដែលបានរុះរើតូប បានចំនួនប្រមាណ ២ពាន់ដើម។ ក្រុមការងារ បានបង្ហោះដ្រូនថតរូបភាពពីលើអាកាស និងផលិតផែនទីរូបថតតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើផ្ទៃដីទំហំ ៤០,១១៨ហិកតា៕