(ភ្នំពេញ)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានផ្ញើសារលិខិតមួយជូនលោកជំទាវ ហេង ខាំពង្ស និងក្រុមគ្រួសារ ដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ ឯកឧត្តម ប៊ូ ឡាំ តំណាង រាស្ត្រមណ្ឌលរតនគីរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង១២:១២នាទី ថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៦៧ឆ្នាំ។
ក្នុងសារលិខិតនេះ បានសរសេរថា៖ «យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធ៌ម និងទឹកចិត្តសណ្តោសប្រណៃដ៏ថ្លៃថ្លា»។
លោក ញ៉ែម សំអឿន បានបញ្ជាក់ទៀតថា ការបាត់បង់ឯកឧត្តម ប៊ូ ឡាំ គឺជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្មាដៃ និងបទពិសោធន៍ ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ជាពិសេសឯកឧត្តម ប៊ូ ឡាំ បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែក រំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍និងកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ មកដល់សព្វថ្ងៃនេះ។
លោក ញ៉ែម សំអឿន បានបន្តថា យើងខ្ញុំចងចាំ និងសូមគោរពនូវគំរូវីរភាពដ៏ល្អឧត្តុង្គឧត្តមរបស់លោក ប៊ូ ឡាំ និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ អាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធលោក ប៊ូ ឡាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕