(ភ្នំពេញ)៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតមួយជូន លោកជំទាវ ហេង ខាំពង្ស និងក្រុមគ្រួសារដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ ឯកឧត្តម ប៊ូ ឡាំ តំណាង រាស្ត្រមណ្ឌលរតនគីរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៦៧ឆ្នាំ។
ក្នុងសារលិខិតនេះ បានសរសេរថា៖ «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
មរណភាព ឯកឧត្តម ប៊ូ ឡាំ ការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់អ្នកស្នេហាជាតិដ៏សំខាន់មួយរូប ដែលបានរួម ចំណែករំដោះជាតិមាតុភូមិ ការពារសន្តិភាព និងរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន រៀងរហូតមក។ ទោះបីរូបកាយរបស់ ឯកឧត្តម ប៊ូ ឡាំ បានបាត់បង់ទៅមែនពិត ប៉ុន្តែស្នាដៃ អំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ប៊ូ ឡាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំ ពីខ្ញុំ និងភរិយា៕