(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកដែលប្រឆាំងនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលសម្តេចអះអាងថា ត្រូវតែទទួលរងប្រតិកម្ម ពីកងកម្លាំងជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ពេលអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ជម្រើស ហ៊ុន សែន ប្រើប្រាស់ប្រដាប់អាវុធ អ្នកណាចង់ផ្តួលរំលំ អ្នកនោះត្រូវទទួលរងពីកម្លាំងប្រដាប់អាវុធ។ ព្រោះអ្នកឯងចង់ផ្តួលខ្ញុំហើយ រឿងអីខ្ញុំទុក។ អ្នកខ្លះថា អង្គរក្សការពារនាយករដ្ឋមន្ត្រី គឺខុស។ អ្នកណាក៏ដោយ ប្រឆាំងនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺអ្នកឯងប៉ុនប៉ងធ្វើរដ្ឋប្រហារ។ គេត្រូវការពារ បើការពារនាយករដ្ឋមន្ត្រី មិនបានទេ ប្រទេសនោះវាច្របូកច្របល់ភ្លាម។ គ្រាន់តែ អតីតនាយករដ្ឋមន្ត្រី ស៉ីនហ្ស៊ូ អាបេ ត្រូវគេធ្វើឃាត ឥឡូវសូម្បីតែមេប៉ូលីស ក៏សូមលាលែងពីតំណែង»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ចាប់តាំងពីគេប៉ុនប៉ងសម្លាប់សម្តេចនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨មក សម្តេចបានប្តេជ្ញាចិត្ត មិនឲ្យនរណាធ្វើរដ្ឋប្រហារបានជាដាច់ខាត។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេប៉ុនប៉ងធ្វើឃាតលើរូបសម្តេច នៅខេត្តសៀមរាប (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ - ២៤ កញ្ញា ២០២១) ដែលគិតមកដល់ពេលនេះមានរយៈពេល២៣ឆ្នាំ ដែលការប៉ុនប៉ងធ្វើឃាតនេះមិនបានសម្រេចឡើយ ដោយមានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេច តែមិនបានត្រូវរថយន្ត។ ជាអកុសលគ្រាប់នោះ បានទៅបុកផ្ទះប្រជាជននៅម្ខាង ផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់៕