(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងណែនាំដល់សិស្សកម្មសិក្សាការីជានគរបាល ត្រូវខិតខំរៀន សូត្រ យកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណភាព ហើយត្រូវធ្វើខ្លួនជាទំពាំងស្នងឬស្សី សូមកុំធ្វើជាទំពាំងស្អុយ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសដែលលោក និងលោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានប្រារព្ធធ្វើពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវ: នគរបាលជំនាន់ទី១៥ លើកទី២ ចុះកម្មសិក្សានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

កម្មសិក្សាការី ជាសិស្សនាយនគរបាល និងនាយនគរបាលរងមានចំនួន ២១៨នាក់ ក្នុងនោះស្រី១៥នាក់ ជានគរបាលដែលបានប្រឡងជាប់ ក្របខណ្ឌមន្ត្រី នគរបាលជាតិ សម្រាប់ឆ្នាំ២០២០ បានចាប់ផ្តើមចូលរៀននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ មកពីភូមិភាគ១ ខេត្តស្ទឹងត្រែង ភូមិភាគ៤ ខេត្តសៀមរាប ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។ ការចុះកម្មសិក្សានេះគឺមានរយៈពេល៦សប្តាហ៍ ដើម្បីគ្រប់លក្ខ័ណជានគរបាលជាតិ និងតាំងស៊ុប។ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ បានឱ្យដឹងដែរថា ការចុះកម្មសិក្សារបស់សិស្សនាយនគរបាល និងនាយនគរបាលរងនេះ គឺដើម្បីផ្សាភ្ជាប់ ការសិក្សា ទ្រឹស្ដី ជាមួយនឹងការអនុវត្តការងារជាក់ស្ដែង និងអនុវត្តតាមកម្មវិធីអប់រំបណ្ឌិត្យសភា បានតម្រូវឱ្យសិស្សនគរបាលចុះធ្វើកម្មសិក្សា និងអនុវត្តការងារជាក់ស្តែង នៅតាមអង្គភាពសាមីនីមួយៗ ដើម្បីសិក្សាស្វែងយល់ពីចំណេះជំនាញ របៀបរបបធ្វើការងារប្រចាំថ្ងៃរបស់នគរបាលជាតិ៕