(ភ្នំពេញ)៖ ប្រធានរដ្ឋសភាស្តីទី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានផ្ញើសារលិខិតមួយជូន លោកជំទាវ ហេង ខាំពង្ស និងក្រុមគ្រួសារដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ ឯកឧត្តម ប៊ូ ឡាំ តំណាង រាស្ត្រមណ្ឌលរតនគីរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៦៧ឆ្នាំ។
ក្នុងសារលិខិតនេះ បានសរសេរថា៖ «ក្នុងនាមសមាជិក សមាជិកា នៃរដ្ឋសភា និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីក្រៀមក្រំសោកសង្រេងជាអនេក ក្រោយពីបានទទួលដំណឹងដ៏រន្ធត់អំពីមរណភាព ឯកឧត្តម ប៊ូ ឡាំ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នីតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម ប៊ូ ឡាំ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ពិសេសគឺជាការបាត់បង់នូវឥស្សរជនស្នេហាជាតិមួយរូប ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងការរំដោះជាតិមាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានចូលរួមចំណែកកសាងជាតិ មាតុភូមិ និងសា្ថប័ននីតិប្បញ្ញត្តិ នាពេលកន្លងមក។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគួសារ នសព ហើយសូមឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម ប៊ូ ឡាំ សូមបានទៅកាន់សុខក្នុងគតិភពកុំបីឃ្លៀងឃ្លាត ឡើយ។
សូម លោកជំទាវ និងក្រុមគ្រួសារនៃសព ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ ពីខ្ញុំ»៕