(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតមួយជូន លោកជំទាវ ហេង ខាំពង្ស និងក្រុមគ្រួសារដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ ឯកឧត្តម ប៊ូ ឡាំ តំណាង រាស្ត្រមណ្ឌលរតនគីរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៦៧ឆ្នាំ។
ក្នុងសារលិខិតនេះ បានសរសេរថា៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្តែងនូវទុក្ខក្រៀមក្រំប្រកប ដោយក្តីក្តុកក្ដួលបំផុតដោយឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិក គណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២ នាទីថ្ងៃត្រង់ ក្នុង ជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វី ប្រៀបផ្ទឹមបានឡើយចំពោះការបាត់បង់ឯកឧត្តម ប៊ូ ឡាំ ដែលជាឥស្សរជនដ៏សកម្មមួយរូប ធ្លាប់ បានធ្វើសកម្មភាពគ្រប់បែបយ៉ាងក្នុងការបម្រើដល់ប្រយោជន៍សង្គមជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។ គណបក្ស សូមកត់ត្រាទុកនូវរាល់ស្នាដៃ និងឧត្តមគតិរបស់ ឯកឧត្តម ប៊ូ ឡាំ ដែលបានបន្សល់ទុកសម្រាប់ជាតិ និងប្រជាជនកម្ពុជា ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តី សោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសពឯកឧត្តម ប៊ូ ឡាំ ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ របស់ឯកឧត្តម បានទៅកាន់សុគតិភពកុំបីខានឡើយ»៕