(រតនគិរី)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានលើកគ្នាមកតវ៉ា នៅសាលាស្រុកអូរយ៉ាដាវ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធករណីកុងទ័រភ្លើងដើរលឿន ខុសប្រក្រតី និងសុំឱ្យមន្ដ្រីជំនាញជួយដោះស្រាយក្នុងបញ្ហានេះ។ ការតវ៉ានេះក៏មានវត្តមានលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ និងលោកខឹម ម៉ាក់ស៊ីនី ប្រធានការិយាល័យត្រួតពិនិត្យគណនេយ្យ សេវាកម្មនៃអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងក្រុមហ៊ុនអគ្គិសនីឈឹម គឹមឈន ព្រមទាំងលោកមេឃុំទូទាំងស្រុកអូរយ៉ាដាវ ដើម្បីចូលរួមស្វែងរកដំណោះស្រាយផងដែរ។
អភិបាលស្រុកអូរយ៉ាដាវលោក ម៉ា វិចិត្រ បានសុំឲ្យតំណាងប្រជាពលរដ្ឋ ដែលផ្ទះពួកគាត់ប្រើប្រាស់ភ្លើងដើរលឿនខុសប្រក្រតី លើកឡើងដើម្បីស្វែងរកដំណោះស្រាយ ដោយស្នើឲ្យបុគ្គលិកក្រុមហ៊ុន ត្រូវតែស្លៀកពាក់ឯកសណ្ឋានជំនាញខាងអគ្គិសនីត្រឹមត្រូវ មិនត្រូវប្រើមនុស្សដែលគ្មានជំនាញពិតប្រាកដ គ្មានសុជីវធម៌ គ្មានសីលធម៌ទេ។ អ្នកស្រី ផន ខាន់ខាំ អាយុ៦០ឆ្នាំ ស្នាក់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ បានឱ្យដឹងថា ផ្ទះរបស់គាត់ប្រើភ្លើងក្រុមហ៊ុនជាច្រើនឆ្នាំមកហើយ ប៉ុន្តែកាលពីជំនាន់មុនក្រុមហ៊ុនបញ្ឆេះម៉ាស៊ីនភ្លើង គឺតម្លៃ១គីឡូវ៉ុល១៥០០រៀល តែកុងទ័រភ្លើងដើរធម្មតា លុះដល់ក្រុមហ៊ុនតបណ្តាញភ្លើងពីប្រទេសវៀតណាមតម្លៃសព្វថ្ងៃ១គីឡូវ៉ុល១០៥០រៀល ប៉ុន្តែកុងទ័រភ្លើងដើរខុសប្រក្រតី។ អ្នកស្រីបានបន្ដថា ក្នុងខែកន្លងមកថ្មីៗនេះ ក្រុមគ្រួសារពួកគាត់មានធុរៈទៅមើលបងប្អូននៅពេទ្យភ្នំពេញ(បិទភ្លើងមិនប្រើប្រាស់) ស្រាប់តែត្រឡប់មកវិញ ដល់ចុងខែ ខាងក្រុមហ៊ុនអគ្គិសនីខាងលើ ចេញវិក័យប័ត្រឲ្យគាត់ ស្រាប់តែឃើញតម្លៃប្រើប្រាស់ លើសពីខែមុនទៅទៀត ធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល។ ពាក់ព័ន្ធបញ្ហានេះដែរលោក ខឹម ម៉ាក់ស៊ីនី ប្រធានការិយាល័យត្រួតពិនិត្យគណនេយ្យ សេវាកម្មនៃអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើង អំពីបច្ចេកទេសក្នុងការប្រើប្រាស់ភ្លើងអគ្គិសនី ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ដោយជំរុញឲ្យក្រុមហ៊ុនអគ្គិសនី ឈឹម គឹមឈន ត្រូវត្រួតពិនិត្យមើលកុងទ័ររបស់ពួកគាត់ ប្រសិនបើមានការស្នើសុំ ដូចជាពេលចេញវិក័យប័ត្រ ត្រូវហៅពួកគាត់មកមើលជាក់ស្តែងតាមកុងទ័ររៀងៗខ្លួន កុំយកឧបករណ៍ចុចមើលកុងទ័រភ្លើងតែឯង រួចហើយសរសេរវិក័យប័ត្រគិតលុយតែម្តង៕